បរទេស៖ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបាននិយាយថា លោកបើកចំហចំពោះកិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន ប៉ុន្តែថាវាមិនគួរនៅក្នុងទីក្រុង Chernobyl ជាទីតាំងដែលស្នើដោយនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossiនោះទេ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោកEmmanuel Macron កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Putinបានចោទប្រកាន់ ក្រុមជ្រុលនិយមអ៊ុយក្រែន” ថាបានបង្កើតទង្វើអរិភាព”នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhskayaដោយមានការចូលរួមពីក្រុមបំផ្លិចបំផ្លាញដោយចេតនា ។
ការបាញ់ប្រហារនិងការឆាបឆេះនៅរោងចក្រថាមពលនុយក្លេអ៊ែរZaporozhskaya របស់អ៊ុយក្រែនកាលពីថ្ងៃទី៤ខែកុម្ភៈកន្លងទៅបានបង្កឲ្យមានក្ដីបារម្ភទូទាំងពិភពលោកនិងការចោទប្រកាន់រុស្ស៊ីថាបានបង្កហានិភ័យគ្រោះមហន្តរាយនុយក្លេអ៊ែរ ។ ទីក្រុង Kiev និង Moscow បានចោទដាក់គ្នាទៅវិញទៅមក ចំពោះការបង្កស្ថានភាពនេះឡើង ។
ដោយឡែកលោកប្រធានាធិបតីអ៊ុយក្រែនVolodymyrZelenskyyបានបញ្ជាក់ពីសំណើរបស់លោកជាថ្មីសម្រាប់យន្តហោះចម្បាំងរបស់យោធាអ៊ុយក្រែនប្រសិនបើលោកខាងលិចនៅតែបន្តច្រានចោលការបង្កើតតំបន់គ្មានការហោះហើរលើប្រទេសនេះ ។
លោក Zelenskyyបាននិយាយនៅក្នុងសារជាវីដេអូថា ពិភពលោកកំពុងមានភាពរឹងមាំល្មមក្នុងការបិទដែនអាកាសរបស់យើងប៉ុន្តែបើសិននរណាម្នាក់នៅតែមានចម្ងល់ អញ្ចឹងអ៊ុយក្រែនត្រូវការយន្តហោះ ។
គួរឲ្យដឹងថាការបង្កើតតំបន់គ្មានការហោះហើរនឹងធ្វើឲ្យជម្លោះរីកកាន់តែធំ ដោយសារតែមានការចូលរួមពីកងកម្លាំងយោធាបរទេស ។
ថ្វីត្បិតតែសហរដ្ឋអាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនបានគាំទ្រដល់អ៊ុយក្រែនដោយការបញ្ជូនគ្រឿងសព្វាវុធទៅក៏ដោយ ប៉ុន្តែពួកគេពុំទាន់មានការបញ្ជូនកងទ័ព ទៅកាន់ប្រទេសមួយនេះនៅឡើយទេ ។
បណ្ដាប្រទេសជាសម្ព័ន្ធយោធាអូតង់បានច្រានចោលការបង្កើតគោលនយោបាយតំបន់គ្មានការហោះហើរដែលនឹងរារាំងយន្តហោះដែលគ្មានការអនុញ្ញាតមិនឲ្យហោះហើរនៅលើដែនអាកាសរបស់អ៊ុយក្រែន ។
ខណៈពេលនោះដែរបេសកកម្មឃ្លាំមើលជម្លោះរបស់អង្គការសហប្រជាជាតិ(UN) បាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់ ៣៦៤ នាក់ បានស្លាប់ក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានចូលកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ហើយជនស៊ីវិល ៧៥៩នាក់ ផ្សេងទៀត បានរងរបួស ទោះបីជាចំនួនពិតប្រាកដអាចមានច្រើនជាងនេះក៏ដោយ ។
ពួកគេបញ្ជាក់ថា មនុស្សស្លាប់សរុបរួមមានបុរស៧៤នាក់ស្ត្រី ៤២នាក់ ក្មេងប្រុស ៨នាក់ និងក្មេងស្រី ៤នាក់ ព្រមទាំងកុមារតូចៗ ១៣នាក់ និងក្រុមយុវជន ២២៣នាក់ ។ ភាគច្រើននៃជនរងគ្រោះជាជនស៊ីវិល បានកត់ត្រាស្លាប់ដោយសារតែ ការប្រើប្រាស់គ្រឿងផ្ទុះដែលមានវិសាលភាពប៉ះពាល់ខ្លាំងរួមទាំងការបាញ់ផ្លោងចេញពីកាំភ្លើងធំ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតមីស៊ីល និងការវាយប្រហារតាមច្រកអាកាស ។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនបានបណ្ដាលឲ្យមានវិបត្តិជនភៀសខ្លួនកើនឡើងលឿនបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២មក ។
ជនស៊ីវិលអ៊ុយក្រែនដ៏ច្រើននៅតែបន្តរត់ភៀសខ្លួនចេញពីទីក្រុងនានាដែលស្ថិតក្រោមការវាយប្រហារ និងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី រួមទាំងទីក្រុងតំបន់ឆ្នេរ Mariupol ដែលស្ថិតក្នុងការឡោមព័ទ្ធ ជាទីដែលកងកម្លាំងរុស្ស៊ី បានព្រមព្រៀងជាថ្មីឲ្យមានការជម្លៀសបន្ទាន់ ។
ប្រមុខទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថាជនភៀសខ្លួនជាង ១.៥លាននាក់បានធ្វើដំណើរចេញពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីប្រទេសរុស្ស៊ីចូលវាយប្រហារអ៊ុយក្រែនរហូតមក ៕