អារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនផលិតប្រេងខ្នាតយក្ស Aramco គ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត មានគម្រោងបង្កើនការវិនិយោគទុនយ៉ាងឆាប់រហ័សរបស់ខ្លួនក្នុងការផលិតថាមពលបន្ថែមទៀត ក្រោយពួកគេរាយការណ៍ប្រាក់ចំណេញកើនឡើងទ្វេដងរបស់ខ្លួនក្នុងឆ្នាំ ២០២១ ។
ក្រុមហ៊ុនមួយនេះមានបំណងបង្កើនទិន្នផលរបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំក្រោយ។តម្លៃថាមពល បានហក់ឡើងខ្ពស់ខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលដែលតម្រូវការទាមទារច្រើនការផ្គត់ផ្គង់ប្រេង និងឧស្ម័ន។
សង្រ្គាមនៅអ៊ុយក្រែន និងភាពស្ទាក់ស្ទើលើការពឹងផ្អែកថាមពេលរុស្ស៊ី បានបន្ថែមសំពាធស្វែងរកប្រភពថាមពលបន្ថែមទៀត ។
គម្រោងរបស់ក្រុមហ៊ុន Aramco ទំនងជាទទួលបានការស្វាគមន៍ពីក្រុមអ្នកនយោបាយ ដែលព្រួយបារម្ភពីផលប៉ះពាល់លើតម្លៃថាមពលខ្ពស់ ថ្វីត្បិតតែការបង្កើនការវិនយោគទុននេះ មានគោលដៅបង្កើនទិន្នផល ក្នុងរយៈពេលពី ៥ឆ្នាំ ដល់ ៨ឆ្នាំក៏ដោយ ។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីព្យាយាមបញ្ចុះបញ្ចូលប្រទេសមួយនេះ ឲ្យបញ្ចេញប្រេងបន្ថែមទៀត ដល់ទីផ្សារពិភពលោក ក្នុងរយៈពេលខ្លី ។
គួរឲ្យដឹងថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសផលិតប្រេងធំបំផុតនៅក្នុងអង្គការប្រទេសនាំចេញប្រេង(Opec) ហើយតាមរយៈការបង្កើនការផលិតនេះ វានឹងអាចជួយកាត់បន្ថយតម្លៃថាមពលដែលបានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីត ត្រូវបានគេថ្កោលទោសយ៉ាងខ្លាំងសម្រាប់ការបំពានសិទ្ធិមនុស្ស ការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងជម្លោះប្រទេសជិតខាងយេម៉ែន ការធ្វើឃាតអ្នកសារព័ត៌មាន Jamal Khashoggi កាលពីឆ្នាំ ២០១៨ ។
អធិការបតីអង់គ្លេស លោក Rishi Sunak បាននិយាយថា លោកនាយករដ្ឋមន្រ្តី ធ្វើរឿងត្រឹមត្រូវ ក្នុងការចូលរួមជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពល ។ លោកបន្តថា វាគឺជារឿងខុស បើសិនជាពួកយើងមិនស្វែងរកប្រាក់ចំណូលដែលនឹងធ្វើឲ្យតម្លៃថាមពលចុះថោក និងការទទួលបានថាមពលបន្ថែមទៀតដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសមួយនេះ ៕