ព្រះសីហនុ៖ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យភាគីពាក់ព័ន្ធខិតខំរៀបចំលម្អបរិស្ថាន អនាម័យ សោភ័ណភាព សណ្តាប់ធ្នាប់ នៅក្រុងព្រះសីហនុ ឲ្យកាន់តែល្អថែមទៀត ដើម្បីទទួលភ្ញៀវចូលរួមកិច្ចប្រជុំធំៗ នាពេលខាងមុខ។
ឯកឧត្តមបានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រជុំអាស៊ាន នៅឆ្នាំ២០២២ ក្នុងនោះមានអាស៊ានបូកចិន កូរ៉េ ជប៉ុន អូស្ត្រាលី អាមេរិក។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារត្រីមាសទីមួយ ឆ្នាំ២០១៩ថា មានភាពល្អប្រសើរក្នុងការគ្រប់គ្រងអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ រួមទាំងការទប់ស្កាត់ទឹកកខ្វក់ហូរចូលទៅសមុទ្រផងដែរ។
តែទោះជាបែបនេះក្តី ឯកឧត្តម បានព្រមានដល់ម្ចាស់អាជីវកម្ម ម៉ាហ្សា និងអាជីវកម្មផ្សេងទៀត ត្រូវតែមានអាជ្ញាប័ណ្ណ។ បើមិនដូច្នោះទេ ត្រូវបិទអាជីវកម្មនោះ។
ដោយឡែកអាជីវកម្មផុតសុពលភាព មិនបានទៅសុំថ្មី គឺស្មើនឹងគ្មានអាជ្ញាបណ្ណដែរ ដូច្នេះត្រូវបង្កើនការផ្សព្វផ្សាយ ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់៕