ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមិទ្ធផលជាតិរបស់កម្ពុជាកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាព

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន បានថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១នៅថ្ងៃទី២៥ខែមីនានេះថា សមិទ្ធផលជាតិរបស់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាពជូនជាតិមាតុភូមិ។
សម្តេចតេជោបានបន្ថែមទៀតថា ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព។ បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការវាងកម្ពុជានិងចិនកំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
សម្តេចបន្តទៀតថា ជំងឺកូវីដ-១៩ មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជានោះឡើយ ក្នុងនោះគម្រោងនានារបស់ចិន ក៏មិនមានការផ្អាកសកម្មភាពនោះដែរ។
សម្ដេចតេជោ បានអបអសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ និងជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ពីតំបន់ថ្នល់ទទឹងផ្លូវជាតិលេខ៤ ទៅកាន់តំបន់ឧត្តុងផ្លូវជាតិលេខ៥ ចាប់ពីពេលនេះតទៅ។
គម្រោងសាងសង់ផ្លូវជាតិលេខ៥១ នេះមានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹងតួផ្លូវសរុប ១២ម៉ែត្រ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង (១គន្លងទៅ ១គន្លងមក)។
គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមប្រវែង ០.៥០ម៉ែត្រ។
គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់​រយៈពេលសាងសង់ចំនួន ២៧ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩។ ផ្លូវនេះ​បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។