ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖លោកខាងលេចចាប់ផ្តើមបញ្ចេញកំហឹង ខណៈសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី មានរយៈពេល ១ខែពេញ

បរទេស៖ក្រុមមេដឹកនាំលោកខាងលិចបានបង្កើនជំនួយយោធានិងជំនួយមនុស្សធម៌សម្រាប់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបានថ្កោលទោសការវាយលុករបស់ក្រុង Moscow លើប្រទេសជិតខាងរបស់ខ្លួនថាជាអំពើព្រៃផ្សៃ ខណៈប្រជាពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់នៅក្នុងទីក្រុងមួយចំនួនដែលរងការឡោមព័ទ្ធបានស្នាក់នៅក្នុងបន្ទប់ក្រោមដី គេចចេញពីការទម្លាក់គ្រាប់បែករបស់កងទ័ពរុស្ស៊ី ។

នៅក្នុងកិច្ចប្រជុំកំពូល ៣លើកមិនធ្លាប់មានពីមុនមកនៅទីក្រុងព្រុចសែលសម្ព័ន្ធភាពឆ្លងមហាសាគរសមុទ្រអាត្លង់ទិកអូតង់ ប្រទេសមានឧស្សាហកម្មជឿនលឿន G7 និងមេដឹកនាំអឺរ៉ុបបានលើកឡើងពីជម្លោះដ៏អាក្រក់បំផុតរបស់ទ្វីបនេះចាប់តាំងពីសង្គ្រាមតំបន់បាល់កង់ឆ្នាំ ១៩៩០ ។
សម្ព័ន្ធមិត្តអូតង់បានប្រកាសពីគម្រោងនានាសម្រាប់អង្គភាពប្រយុទ្ធប្រឆាំងថ្មីនៅក្នុងប្រទេ​ស​ចំនួន៤នៅអឺរ៉ុបខាងកើតជិតអ៊ុយក្រែន ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍បានបង្កើនជំនួយ ហើយនិងពង្រីកទំហំទណ្ឌកម្មទៅលើគោលដៅថ្មីៗ រួមទាំងស្ត្រីម្នាក់ដែលទីក្រុងឡុងដ៍និយាយថា ជាកូនស្រីចុងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ផងដែរ ។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយថា លោកPutin បានរំលងបន្ទាត់ក្រហមរួចទៅហើយ ចូលទៅក្នុងភាពសាហាវព្រៃផ្សៃនៃសង្រ្គាមរុស្ស៊ីលើពលរដ្ឋអ៊ុយក្រែន ។
សង្រ្គាមលុកលុយចូលអ៊ុយក្រែនរបស់រុស្ស៊ីបានផ្លាស់ប្ដូរពិភពលោកក្នុងពេល៤សប្ដាហ៍ និងគ្មានពន្លឺនៃការបញ្ចប់ អគារមន្ទីរពេទ្យ សាលា លំនៅឋានប្រជាពលរដ្ឋ និងសំណង់ផ្សេងៗនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគ្របដណ្ដប់ដោយអណ្ដាតភ្លើង និងផ្សែងខ្មួលខ្មាញ់ពីការវាយប្រហារតាមអាកាសរបស់កងទ័ពរុស្ស៊ី បន្ទាប់ពីការលុកលុយចូលកាលពីថ្ងៃទី២៤កុម្ភៈ ហើយគិតត្រឹមថ្ងៃទី២៤ខែមីនាម្សិលមិញ សង្គ្រាម នេះមានអាយុកាល១ខែគត់ ក្រោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឲ្យបើកការវាយប្រហារដែលលោកបានហៅថាជាប្រតិបត្តិការសឹកពិសេសលើអ៊ុយក្រែន ហើយមកទល់ នឹងថ្ងៃនេះ ពន្លឺនៃការបញ្ចប់ឬភាពធូរស្រាលនៃភ្លើងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែននៅតែមិនអាចមើលឃើញនៅឡើយ។
រយៈពេល១ខែកន្លងផុតទៅថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី បានប្រកាសលើកញ្ចក់ទូរទស្សន៍ ថាលោកកំពុងលុកលុយចូលអ៊ុយក្រែន និងបានព្រមានលោកខាងលិចថា រាល់ការប៉ុនប៉ងចង់ធ្វើអន្តរាគមន៍ទាំងឡាយ អាចនឹងជួបការសងសឹកវិញដោយអាវុធនុយក្លេអ៊ែរ ។
នៅក្នុងរយៈពេល៤សប្ដាហ៍ពេញ ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារតាមអាកាស– ឡោមព័ទ្ធទីក្រុងមួយចំនួនរបស់អ៊ុយក្រែន និងបានបង្ខំឲ្យប្រជាពលរដ្ឋរាប់លាននាក់រត់គេចខ្លួនចេញពីអំពើហិង្សា សហភាពអឺរ៉ុបបានមើលឃើញពីវិបត្តិជនភៀសខ្លួនដ៏ធំបំផុតមិនធ្លាប់មានក្នុងពេលប៉ុន្មានទសវត្យរ៍មកនេះ ។
ជម្លោះនេះបានកំណត់ជាថ្មីនូវទិដ្ឋភាពភូមិសាស្ត្រនយោបាយ ដែលនាំឲ្យមានការបែកបាក់គ្នាកាន់តែខ្លាំងរវាងទីក្រុង Moscow និង លោកខាងលិចអំពីការចាប់ផ្ដើមមានឡើងវិញនូវសង្រ្គាមត្រជាក់ ហើយភាពតានតឹងនេះដែរ បានជំរុញឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងពីវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិស្បៀងអាហារពិភពលោក ។
អង្គការសហប្រជាជាតិប្រជាពលរដ្ឋអ៊ុយក្រែនប្រមាណ ១០លាននាក់ជិតស្មើនិង១ភាគ៤ នៃចំនួនប្រជាជនអ៊ុយក្រែនសរុប បានរត់ភៀសខ្លួន ចេញពីលំនៅឋានរបស់ខ្លួន ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដែលក្លាយជាជនភៀសខ្លួនបរទេសចូលទៅក្នុងបណ្ដាប្រទេសជិតខាង ដូច ប៉ូឡូញ ម៉ូលដូវ៉ា រុស្ស៊ី បេឡារុស ស្លូវ៉ាគី ហុងគ្រី និងរ៉ូម៉ានីជាដើម ។
រុស្ស៊ីពុំបានបញ្ចេញចំនួនអ្នកស្លាប់ថ្មីៗទេប៉ុន្តែក្រុមមន្ត្រីអូតង់បាននិយាយប្រាប់ទូរទស្សន៍ NBC News ថា អង្គកានេះ បានប៉ាន់ប្រមាណនាពេលបច្ចុប្បន្ននេះថា កងទ័ពរុស្ស៊ីចន្លោះ ពី ៧ពាន់នាក់និង១៥.០០០នាក់បានស្លាប់ក្នុងសង្គ្រាមរយៈពេល៤សប្ដាហ៍មកនេះ ក្នុងនោះ កងទ័ពរុស្ស៊ីដែលបានរងរបួស ត្រូវបានចាប់ខ្លួន ឬកំពុងបាត់ខ្លួន អាចមានចន្លោះពី ៣ពាន់នាក់ ដល់ ៤ពាន់នាក់ ។
ជនស៊ីវិលអ៊ុយក្រែនចំនួន៩៧៧នាក់បានស្លាប់ក្នុងនោះបុរស ១៩៦នាក់ ស្ត្រី ១៤៤នាក់ ក្មេងស្រី ១២ នាក់ និងក្មេងប្រុស ២៧នាក់ ព្រមទាំងកុមារ ៤២ នាក់ និង មនុស្សវ័យជំទង់ ៥៥៦នាក់ ពុំបានដឹងភេទ ៕