សម្តេចតេជា បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣២១៣ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក លឺ ឡាយស្រេង បានបង្ហោះវិដេអូខ្លីប តាមហ្វេសប៊ុក លោកបានលើកឡើងថា លោកមានការនឹករលឹកបងប្អូនជនរួមជាតិជាខ្លាំង ហើយចង់វិលត្រឡប់មកកម្ពុជាវិញ ព្រោះជាស្រុកំណើត។
លោក លឺឡាយស្រេង បានលើកឡើងថា លោកបានស្នើសូមឲ្យសម្តេចនាយក អនុគ្រោះ ដើម្បីអនុញ្ញាតឲ្យលោក បានវិលត្រឡប់ទៅវិញទៅ ព្រោះបានបម្រើប្រទេសជាតិ ជាមួយសម្តេច ៣អាណត្តិមកហើយ។
លោកលឺឡាយស្រេង បញ្ជាក់ថា លោករស់នៅបរទេស សព្វថ្ងៃនេះ មិនបានចូលបម្រើ ក្នុងគណបក្សនយោបាយណាមួយនោះទេ។ ដូច្នេះលោកស្នើសុំសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក បានចូលស្រុកវិញផង ព្រោះជិតចូលរដូវបុណ្យចូលឆ្នាំខ្មែរ។
លោក លឺ ឡាយស្រេង ក៏បានចូលនិវត្តន៍ខាងផ្នែកនយោបាយ ហើយសន្យាឈប់និយាយពាក់ព័ន្ធទៅនឹងនយោបាយទៀតដែរ។ លោកលើកឡើងកន្លងមក ដើម្បីចង់ឲ្យអ្នកនយោបាយរួបរួមផ្សះផ្សារជាតិតែប៉ុណ្ណោះ។
លោក លឺ ឡាយស្រេង បានចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីមានបណ្តឹងប្រមាថព្រះមហាក្សត្រកម្ពុជា ដោយសារកាលពីខែតុលា ឆ្នាំ២០១៧ លោក លឺ ឡាយស្រេង និង លោកស្រី គី លំអង អតីតមន្ត្រីហ្វ៊ុនស៊ិនប៉ិច បាននិយាយគ្នា តាមទូរស័ព្ទ ដោយលោក លឺ ឡាយស្រេង លើកឡើងថា ប្រសិនបើព្រះមហាក្សត្រ ទ្រង់មិនអាចអន្តរាគមន៍ ដោះស្រាយវិបត្តិនយោបាយនេះបានទេ ទ្រង់គួរដាក់រាជ្យ។
ក្រោយបែកធ្លាយសារទូរស័ព្ទនោះ លោក លឺ ឡាយស្រេង បានសុំទោសជាសាធារណៈ ចំពោះពាក្យសម្តីរបស់លោក៕