ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២២នេះបានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ការសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៉ី មិនមែនដោយសារកម្ពុជា មិនទាន់មាននាវាមុជទឹក មិនទាន់មានយន្តហោះមិចសម្រាប់ទម្លាក់គ្រាប់បែក មិនទាន់មានកាតព្វកិច្ចយោធា និងកម្ពុជាសម្បូរណ៍ដោយយោធាក្បាលពោះធំនោះទេ។
សម្តេចតេជោបានបន្តទៀតថា មិនថារុស្ស៉ីឬប្រទេសណាដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃគឺកម្ពុជាប្រឆាំងជាដាច់ខាត។ការប្រឆាំងរបស់កម្ពុជាបែបនេះ គឺផ្អែកលើច្បាប់អន្តរជាតិ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។
សម្តេចតេជោបានថ្លែងថា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមានឡើយ។
សម្តេចតេជោសង្ឃឹមថា មិត្តរុស្ស៉ី នឹងយល់ពីកម្ពុជា ព្រោះកម្ពុជាធ្លាប់ត្រូវបានគេឈ្លានពានពីអតីតកាល ដូច្នេះកម្ពុជា មិនគាំទ្រការឈ្លានពាននោះឡើយ។
សម្តេចតេជោបានមានប្រសាសន៍ថា ជម្រើសចុងក្រោយរបស់រុស្ស៉ី និងអ៊ុយក្រែន គឺមានបទចរចាមួយគត់ ដើម្បីបញ្ចប់សង្គ្រាម គឺមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។