ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួងនៅ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះថា អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។
ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ក៏ត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឆ្នាំនេះជាខួប២៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងសាធារណៈរដ្ឋកូរ៉។ ឆ្នាំនេះកម្ពុជា-កូរ៉េ មានសមិទ្ធផលជាច្រើនដែលត្រូវបានបើកការដ្ឋានសាងសង់និងសម្ពោធឱ្យប្រើប្រាស់ដូចជាការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ សម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ២១និងការសម្ពោធអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាពេលនេះ។
សម្តេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាន៍ទៀតថាអគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរ វាងកម្ពុជា និងកូរ៉េ។
ក្នុងនាមជាស្ថាបនិកនៃការភ្ជាប់ឡើងវិញនៃទំនាក់ទំនងប្រទេសទាំង២ សម្តេចតេជោពិតជាមានមោទនភាពចំពោះទំនាក់ទំនងនេះ ដែលនាំអោយកើតមាននូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាក្តីរីករាយចំពោះមន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ឱ្យដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានអ្នកជំងឺ ដូចជាផ្នែកជំងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក សម្រាប់បម្រើដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា សម្តេចតេជោបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងគ្រូពេទ្យនៅទូទាំងប្រទេស ដែលបានប្រឹងប្រែងជំនះការរីករាលដាលជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងទៅនេះ។
សម្តេចតេជោបានថ្លែងថា វេលាពេលនេះកាលពីឆ្នាំ២០២១ គឺជាពេលដ៏លំបាកសម្រាប់កម្ពុជា ដោយសារការឆ្លងជំងឺកូវីដ-១៩មានការផ្ទុះខ្លាំង ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលពេលនោះមានមនុស្សស្លាប់ និងមានអ្នកសម្រាកនៅមន្ទីពេទ្យជាបន្តបន្ទាប់ តែឆ្នាំនេះយើងមានស្ថានភាពល្អប្រសើរ ទាំងនេះដោយសារតែយុទ្ធសាស្ត្រនៃការចាក់ស្រោចវ៉ាក់សាំងរបស់យើងបានទាន់សភាពការណ៍។
សម្ដេចតេជោនៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់ការពារការឆ្លងជំងឺកូវីដ-១៩ ជាពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ក្រុមគ្រូពេទ្យយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
មានមន្ទីរពេទ្យល្អ បរិក្ខារល្អ ជារឿងល្អមួយទៅហើយ ប៉ុន្តែអ្វីកាន់តែល្អទៀត គឺការយកចិត្តទុកដាក់ និងមានក្រមសីលធម៌របស់គ្រូពេទ្យចំពោះអ្នកជំងឺ។
នៅថ្ងៃនេះ សម្តេចតេជោបានអបអរសាទរចំពោះសមិទ្ធផលផ្នែកសុខាភិបាល នៃមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះ
។
ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារមន្ទីរពេទ្យនេះចាប់ពីពេលនេះតទៅ៕