ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជំនួបចរចាស្វែងរកសន្តិភាពនៅអ៊ុយក្រែនរយៈពេល២ថ្ងៃ បានចាប់ផ្តើមហើយនៅក្នុងប្រទេសទួរគី

ទួរគី៖គណៈប្រតិភូប្រទេសរុស្ស៊ីនិងអ៊ុយក្រែមានជំនួបចរចារយៈពេល២ថ្ងៃនៅក្នុងអគាររដ្ឋាភិបា​លទូរ​គី ជិតវិមានអូតូម៉ង់ Dolmabahce នាសតវត្សរ៍ទី ១៩ ស្ថិតនៅលើឆ្នេរសមុទ្របូស្ប៉ូរ៉ាស់ (Bosporus) ស្ថិតក្នុងទីក្រុងអ៊ីស្តានប៊ុល ប្រទេសទួរគី នាថ្ងៃអង្គារនេះ ។
កិច្ចប្រជុំដំបូងៗរវាងភាគីប្រទេសទាំង២ដែលបានរៀបចំជំនួបតទាល់ឬតាមVideo Conferen​c​e នោះ គឺមិនមានការរីកចម្រើនណាមួយនោះទេលើការបញ្ចប់សង្រ្គាមអូសបន្លាយពេល១ ខែកន្លងមកនេះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងពលរដ្ឋអ៊ុយក្រែនជាង ១០លាននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងនោះពលរដ្ឋជិត ៤លាននាក់ រត់ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតអ្នកតំណាងចក្រភពអង់គ្លេសប្រចាំនៅអង្គការអូតង់ លោក ភីធឺ រីកកេតស៍(Peter Ricketts) បាននិយាយថា លោកនៅតែសង្ស័យចំពោះលទ្ធភាពនៃបទឈប់បាញ់រវាងក្រុមគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី ស្របពេលដែលកិច្ចប្រជុំស្វែងរកសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅបន្តនាថ្ងៃអង្គារនេះ ។
ក្រុមអ្នកចរចារុស្ស៊ីនិងអ៊ុយក្រែនកំពុងបន្តកិច្ចចរចាស្វែងរកសន្តិភាពបន្ទាប់ពីជុំមុនៗបានបរាជ័យ មិនទទួលបានភាពរីកចម្រើន។
ប្រធានាធិបតីទួរគី លោក រ៉េសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) បាននិយាយថា ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) គឺជាមិត្តដ៏មានតម្លៃ។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ក្រុមអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ី ពេលចាប់ផ្តើមកិច្ចប្រជុំ នាថ្ងៃអង្គារនេះ លោក អឺដូហ្គែន បាននិយាយថា ការវិវត្តន៍ទៅមុខនៅក្នុងកិច្ចប្រជុំ នឹងត្រួសត្រាយផ្លូវសម្រាប់ជំនួបរវាងមេដឹកនាំប្រទេសទាំង ២ ។
លោកបានបញ្ជាក់ថា ពួកយើងបានឈានចូលដល់ពេលវេលាមួយ នៅពេលដែលការចរចាចាំបាច់ត្រូវទទួលបានលទ្ធផលច្បាស់លាស់ ហើយលោកក៏បានអំពាវនាឲ្យមានបទឈប់បាញ់ភ្លាមៗ។
លោក អឺដូហ្គែន បាននិយាយថា សន្តិភាពត្រឹមត្រូវនឹងគ្មានអ្នកចាញ់ឡើយ ហើយការបន្តជម្លោះក៏មិនផ្តល់ប្រយោជន៍ដល់នណាម្នាក់ដែរ ។
ដោយឡែក ម្ចាស់ក្លិបបាល់ទាត់ Chelseaនិងជាមហាសេដ្ឋរុស្ស៊ីរងព្រនុងទណ្ឌកម្មសេដ្ឋកិច្ច លោក រ៉ូម៉ាន់ អាប្រាម៉ូវីក (Roman Abramovich) បានចូលរួមកិច្ចប្រជុំស្វែងរកសន្តិភាពនៅអ៊ុយក្រែន ជាមួយគណៈប្រតិភូរុស្ស៊ី នៅក្នុងទីក្រុងអ៊ីស្តានប៊ុល ប្រទេសទួរគី ។
នៅមុនជំនួបចាប់ផ្តើម ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាននិយាយបង្ហើបឲ្យដឹងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសភាពអព្យាក្រិត ដូចដែលទីក្រុងម៉ូស្កូ ទាមទារ ហើយនិងបើកចំហរការសម្របសម្រួលលើជោគវាសនាតំបន់ដូនបាស់ ដែលជាតំបន់ចម្រូងចម្រាស់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ៕