ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖សញ្ញាវិជ្ជមានលេចចេញជារូបរាងឡើងនៅជំនួបរវាងក្រុមគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី

បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyyបាននិយាយថាកិច្ចចរចាជាមួយគណៈប្រតិភូរុស្ស៊ីបានផ្តល់សញ្ញាវិជ្ជមានមួយចំនួន ប៉ុន្តែបានព្រមានថារុស្ស៊ីមិនអាចជឿទុកចិត្តបានទាំងស្រុងនោះទេ ។
ប្រទេសរុស្ស៊ីបានប្រកាសបន្ទាប់ពីកិច្ចចរចាកាលពីថ្ងៃអង្គាររវាងគណៈប្រតិភូអ៊ុយក្រែន និង​រុស្ស៊ី​នៅ ក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីថា ខ្លួននឹងកាត់បន្ថយប្រតិបត្តិការយោធានៅជិតរដ្ឋធានីគីវ របស់ប្រទេស អ៊ុយក្រែន និងទីក្រុងChernihiv ភាគខាងជើង ។

សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានបង្ហាញការសង្ស័យចំពោះសេចក្តីប្រកាសរបស់ប្រទេសរុស្ស៊ី។ នៅក្នុងសុន្ទរកថាវីដេអូ កាលពីយប់ថ្ងៃអង្គារ លោក Zelenskyy និយាយថាសកម្មភាព ក្លាហាន និងមានប្រសិទ្ធភាពរបស់កងទ័ពអ៊ុយក្រែន បានបង្ខំឱ្យរុស្ស៊ីកាត់បន្ថយសកម្មភាពរបស់ខ្លួន នៅជុំវិញទីក្រុងគីវ និងទីក្រុង Chernihiv ។
លោក Zelenskyy និយាយថា អ្នកចរចារបស់អ៊ុយក្រែននឹងមិនសម្របសម្រួលលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីនោះទេ ហើយការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច លើរុស្ស៊ី គួរតែនៅដដែលរហូតដល់យើងទទួលបាននូវអ្វីៗគ្រប់យ៉ាងដែលជាកម្មសិទ្ធិរបស់យើង និងរហូតដល់ យើងទទួលបានយុត្តិធម៌មកវិញ ។
អ្នកចរចាកំពូលរបស់រុស្ស៊ី Vladimir Medinsky បានបង្ហាញចំណុចសំខាន់ៗនៃការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ។
លោកនិយាយថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីក្លាយខ្លួនជារដ្ឋអព្យាក្រឹត។ ដោយមានការធានាឯករាជ្យភាពជាអន្តរជាតិ អ៊ុយក្រែន មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ ប៉ុន្តែការអនុវត្តន៍នេះ នឹងមិនត្រូវបានពង្រីកដល់តំបន់ Donbass និងឧបទ្វីបគ្រីមៀ ដែលរុស្ស៊ី គ្រប់គ្រងនោះទេ។ អ៊ុយក្រែនក៏បានស្នើសុំបញ្ចូលក្នុងកិច្ចព្រមព្រៀងផងដែរថា រុស្ស៊ីនឹងមិនប្រឆាំងអ៊ុយក្រែនទេចំពោះការចូលជាសមជិករបស់សហភាពអឺរ៉ុប ។ អ៊ុយក្រែននឹងមិនអាចមានវត្តមានយោធាណាមួយឡើយ រួមទាំងកងកម្លាំងអូតង់ និងកម្លាំងរុស្ស៊ីផងដែរ។ អ៊ុយក្រែនកំពុងស្នើសុំឱ្យមានសន្ធិសញ្ញាចុងក្រោយមួយ ធ្វើឡើងជាផ្លូវការដោយប្រមុខរដ្ឋរុស្ស៊ី និងអ៊ុយក្រែន ។
លោក Medinsky បានលើកឡើងម្តងទៀតនូវសំណើជា លាយលក្ខណ៍អក្សររបស់ភាគីអ៊ុយក្រែនដើម្បីធានាបាននូវសន្តិភាពបន្ទាប់ពីកិច្ចចរចារវាងប្រទេសទាំងពីរ។ លោកនិយាយថា អ៊ុយក្រែនគួរតែប្រកាសខ្លួនជារដ្ឋអព្យាក្រឹតស្ថិតក្រោមការធានាពីច្បាប់អន្តរជាតិ ដើម្បីអនុវត្តស្ថានភាពគ្មាននុយក្លេអ៊ែរ ។
សេចក្តីថ្លែងការណ៍របស់លោកធ្វើឡើងបន្ទាប់ពីកិច្ចចរចាជុំថ្មីមួយផ្សេងទៀតរវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ហើយហាក់ដូចជាមានសម្បទានសំខាន់ដំបូងដែលរុស្ស៊ីបានធ្វើ ចាប់តាំងពីការចាប់ផ្តើមការវាយលុកលើអ៊ុយក្រែនរយៈពេលជាងមួយខែមកនេះ ។
លោក Medinsky និយាយទៀតថា គួរតែមានបញ្ជីនៃរដ្ឋអ្នកធានាដែលនឹងធានាសន្តិសុខរបស់អ៊ុយក្រែន មិនអនុវត្តចំពោះដែនដីតំបន់គ្រីមៀ និងតំបន់ Sevastopol ។
លោកនិយាយថា មានការរំពឹងទុកសម្រាប់អ៊ុយក្រែនក្នុងការបោះបង់ចោលការចូលរួម ក្នុងសហព័ន្ធយោធា ការដាក់ពង្រាយមូលដ្ឋានយោធា ឬធ្វើសមយុទ្ធយោធា នៅលើទឹកដីនៃអ៊ុយក្រែន ដោយគ្មានកិច្ចព្រមព្រៀងពីរដ្ឋអ្នកធានា រួមទាំងសហព័ន្ធរុស្ស៊ី ។

ប្រតិកម្មជាសាធារណៈរបស់ក្រុង Moscow គឺវិជ្ជមាន ហើយការចរចាបន្ទាប់ត្រូវគេរំពឹងថានឹងបន្តនៅថ្ងៃពុធនេះ រយៈពេល៥សប្ដាហ៍ ក្រោយមានសង្គ្រាមបង្ហូរឈាមគ្នា បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងពលរដ្ឋអ៊ុយក្រែនជិត៤លាននាក់កំពុងរត់ភៀសខ្លួន ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Antony Blinken ប្រមុខការទូតអាមេរិក បានលើកឡើងថា សុចនាករផ្សេងៗនៃការដកកងទ័ពរបស់រុស្ស៊ី អាចជាការប៉ុនប៉ងពីសំណាក់ក្រុង Moscow កុហកបោកបញ្ឆោតគេឯងនិង ជាការបង្វែរការចាប់អារម្មណ៍របស់ពិភពលោក ៕