ភ្នំពេញ៖ប្រធានក្រុមហ៊ុនម៉េងសួគ៌បានប្តេជ្ញាថានឹងប្រមូលទិញសត្វមាន់ពីកសិករក្នុងស្រុកនិងក្រៅស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសកម្ពុជា ហើយការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងពិធីសម្ភោធមួយកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២២នេះ ក្នុងទឹកដីស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ដែលមានការចូលរួមពី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អភិបាលស្រុកខ្សាច់កណ្តាល លោក ប៊ុន ផេង ជាដើម ។
លោក ទឹម សុខគួង ប្រធានក្រុមហ៊ុនម៉េង សួគ៌ បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវការថ្ងៃនេះគឺ ដើម្បីធ្វើអាជីវកម្ម អនុលោមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមចំណែកអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចផ្នែកកសិកម្មនៅកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងពេលដែលយើងកំពុងតែមានសុខសន្តិភាព។
លោកបានថ្លែងទៀតថា អ្វីដែលយើងមានមោទនភាពបំផុតនោះគឺ ប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៌មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុនយើងខ្ញុំបានបង្កើតឡើងដើម្បីពង្រឹងវិស័យកសិកម្មជាតិ ក្នុងនោះមានពីរបៀបចិញ្ចឹមសត្វ បង្កើតទីផ្សារដល់កសិករ សម្រាប់លក់ទិញផលិតផលសត្វទៅតាមកម្រិតស្តង់ដារ ធានាគុណភាព សុខភាព និងប្រសិទ្ធភាព ចូលរួមចំណែកធ្វើឲ្យជីវភាពរបស់ប្រជាកសិករមានការផ្លាស់ប្តូរនឹងឈានឡើង។
ក្រុមហ៊ុនម៉េង សួគ៌ ប្តេជ្ញាថា នឹងបង្កើតឱកាសធ្វើទំនាក់ទំនងដល់ដៃគូរសហការធ្វើអាជីវកម្មក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីនាំផលិតផលសត្វទៅចែកចាយតាមបណ្តាទីផ្សារនិងដេប៉ូនានា បង្កើនភាពងាយស្រួលក្នុងការចរាចរទំនិញឲ្យទាន់ពេលវេលា នឹងប្រកបដោយសុវត្តិភាពដល់អាជីវករ ក្នុងការចែកចាយ។
លើសពីនេះក្រុមហ៊ុននឹងរួមចំណែកក្នុងការបង្កើនការងារដល់ប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន ជៀងវាងការធ្វើចំណាកស្រុក ដោយផ្សងព្រេងទៅរកការងារធ្វើនៅក្រៅប្រទេស ផ្តល់ការលើកទឹកចិត្តដល់ប្រជាកសិករយើង ក្នុងការចិញ្ចឹមសត្វ ដែលមិនប្រឈមនឹងបញ្ហាកង្វះទីផ្សារសម្រាប់ការលក់ចេញផងដែរ។