ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានចារកម្មអង់គ្លេស៖ទាហានរុស្ស៊ីបដិសេធន៍មិនអនុវត្តន៍តាមបទបញ្ជាធ្វើសង្រ្គាមនៅអ៊ុយក្រែន

អូស្រ្តាលី៖ លោក ចេរ៉េមី ផ្លេមីង ប្រធានចារកម្មអង់គ្លេសបានអះអាងថា ទាហានរុស្ស៊ីដែលបាក់ទឹកចិត្តនៅក្នុងប្រទេសអ៊ុយក្រែន បានបដិសេធន៍មិនអនុវត្តន៍បទបញ្ជាបំផ្លិចបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់ខ្លួន ហើយថែមទាំងបានបាញ់ច្រឡំដោយចៃដន្យទម្លាក់យន្តហោះរបស់ខ្លួនថែមទៀតផង ។
លោក ផ្លេមីង គឺជាប្រធានទីភ្នាក់ងារចារកម្ម GCHQ ហើយលោកបាននិយាយបែបនេះ នៅក្នុងទីក្រុងកាន់បេរ៉ា ប្រទេសអូស្រ្តាលី នាថ្ងៃព្រហស្បតិ៍នេះ ។
លោកបាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) វាយតម្លៃខុសពីឱកាសរបស់លោក ឲ្យយោធាសម្រេចជោគជ័យឆាប់រហ័សនៅអ៊ុយក្រែន ។
លោក ផ្លេមីង បានធ្វើការព្រមានផងដែរថាវិមានក្រឹមឡាំងកំពុងតាមប្រម៉ាញ់គោលដៅវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត និងនាំយកទាហានស៊ីឈ្នូល ដើម្បីគាំទ្រយុទ្ធនាការយោធាជាប់គាំងរបស់ពួកគេ នៅអ៊ុយក្រែន ។
លោក បានកោតសរសើរផងដែរដល់ប្រតិបត្តិការព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលមានប្រសិទ្ធិភាពប្រឆាំងតបតនឹងព័ត៌មានខុសទ្រង់ទ្រាយធំរបស់រុស្ស៊ី ផ្សព្វផ្សាយពីសង្រ្គាមមួយនេះ ។
ស្របពេលដែលមានការរំពឹងទុកថា រុស្ស៊ីនឹងវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ដែលជាផ្នែកមួយនៃយុទ្ធនាការយោធារបស់ពួកគេ លោក ផ្លេមីង បាននិយាយថា ការធ្វើបែបនេះ មិនមែនជាចំណុចរួមនៃការធ្វើសង្រ្គាមរបស់ទីក្រុងម៉ូស្គូនោះទេ ។
លោកនិយាយថា មជ្ឈមណ្ឌលសន្តិសុខវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតរបស់ GCHQ បានរកឃើញសញ្ញាថារុស្ស៊ី នឹងបង្អាក់្រព័ន្ធយោធា និងរដ្ឋាភិបាលអ៊ុយក្រែន ។ អង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិច នឹងបន្តគាំទ្រអ៊ុយក្រែន ក្នុងការពង្រឹងប្រព័ន្ធការពារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតរបស់ពួកគេ ៕