ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទណ្ឌកម្មមកលើរុស្ស៊ីបង្កផលលំបាកខ្លាំងដល់ម្ចាស់រថយន្តនៅក្នុងប្រទេសគូបា

គូបា៖ លោក ហ្វ្រង់ស៊ីស្កូប៉េរ៉ស រ៉ូឌ្រីហ្គេស (Francisco Pérez Rodríguez)មានបញ្ហារថយន្តដែលជាបញ្ហាមួយកើតមានជាទូទៅចំពោះពលរដ្ឋគូបា ។
លោកត្រូវការជួសជុលម៉ាស៊ីនរថយន្ត Moskvich របស់ឪពុកក្មេកលោក គឺជារថយន្តស្ថិតក្នុងចំណោមរថយន្តរាប់ម៉ឺនគ្រឿងទៀត ដែលនាំចូលពីប្រទេសសម្ព័ន្ធអំឡុងសង្រ្គាមត្រជាក់មួយនេះ កាលពីរយៈពេលកន្លះសតវត្សរ៍មុន ។
លោក ប៉េរ៉េស និយាយថា ដើម្បីធ្វើឲ្យរថយន្តឪពុកក្មេករបស់លោក អាចបើកបាន ទាល់តែត្រូវការគ្រឿងបន្លាស់ដែលបច្ចុប្បន្នមាននៅតែរុស្ស៊ីមួយប៉ុណ្ណោះ ប៉ុន្តែជើងហោះហើរត្រូវបានកាត់ផ្តាច់អស់ទៅហើយ ដោយសារទណ្ឌកម្មលោកខាងលិចមកលើរុស្ស៊ី ក្រោយពួកគេវាយប្រហារមកលើអ៊ុយក្រែន ។
ការរឹតត្បឹតសកលមកលើការដឹកជញ្ជូន និងពាណិជ្ជកម្មមកលើរុស្ស៊ី បានបង្កបញ្ហាធំដល់ប្រជាជនគូបា ដែលរដ្ឋាភិបាលសង្គមនិយមរបស់ពួកគេ អាចរស់រានបានចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៦០មក ក្រោមបំរាមសេដ្ឋកិច្ចសហរដ្ឋអាមេរិក ។
ភាគច្រើននៃរថយន្តតូច-ធំ រថយន្តក្រុង និងគ្រឿងចក្រនៅក្នុងប្រទេសគូបា សុទ្ធតែនាំចូលពីប្រទេស រុស្ស៊ី ហើយបច្ចុប្បន្នរថយន្តទាំងអស់នេះ ចាស់ៗអស់ទៅហើយ ត្រូវការគ្រឿងបង្គុំពីរុស្ស៊ី ។ ដូចគ្នានឹងអ្នកទេសចររុស្ស៊ីអញ្ចឹងដែរ គ្រឿងបន្លាស់ទាំងអស់នេះ លែងមកដល់ប្រទេសគូបាទៀតហើយ ។
ការដឹកជញ្ជូននៅគូបា អាចនឹងជួបការលំបាកខ្លាំងនៅពេលនេះ ។ រថយន្តក្រុង មិនសូវមាន រថយន្តធំ ដឹកតែអ្នកដំណើរជនបទ ហើយនៅលើផ្លូវថ្នល់សុទ្ធតែរថយន្ត Ladas, Niva SUVs និងរថយន្ត Uazs ផលិតនៅរុស្ស៊ី ហើយសូម្បីតែរថយន្តអាមេរិកអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ក៏មកប្តូរប្រើប្រាស់ម៉ាស៊ីន និងគ្រឿងបន្លាស់រុស្ស៊ីដែរ ។
ការធ្វើស្ថិតិគូបា បានបង្ហាញថា ប្រទេសមួយនេះ មានរថយន្តស៊េរីចាស់អាមេរិក ២ម៉ឺនគ្រឿង និងរថយន្តរុស្ស៊ី Ladas ចន្លោះពី ៨ម៉ឺនគ្រឿង ទៅ ១០ម៉ឺនគ្រឿង ។
លោក វីលៀម ឡេអូហ្គ្រែន (William LeoGrande) គឺជាអ្នកជំនាញលើគូបា នៅសាកលវិទ្យាល័យអាមេរិក ស្ថិតក្នុងទីក្រុងវ៉ាស៊ីងតោន បាននិយាយថា ទន្ទឹមនឹងការអាក់ខានដល់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់ និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយរុស្ស៊ី ការរអាក់រអួលការដឹកជញ្ជូន នឹងក្លាយជាបញ្ហាមួយសម្រាប់គូបា សម្រាប់គ្រឿងបង្គុំ ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចគូបា បានរងផលប៉ះពាល់រួចទៅហើយដោយសារតែទណ្ឌកម្មអាមេរិក ក្រោមរដ្ឋបាលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងការរីករាលដាលឆ្លងសកលជំងឺ COVID-19៕