ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងកសិកម្មបានដឹកនាំក្រុមការងារជំនាញ ក្នុងនាមរាជរដ្ឋាភិបាលនៅ​ថ្ងៃទី០១ខែមេសាឆ្នាំ២០២២បាន​អញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”នៅចំពោះមុខអង្គសភា

ភ្នំពេញ៖ លោក​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមការងារជំនាញ ក្នុងនាមរាជរដ្ឋាភិបាលនៅ​ថ្ងៃទី០១ខែមេសាឆ្នាំ២០២២បាន​អញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” នៅចំពោះមុខអង្គសភា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាញញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់។
មុនថ្លែងទៅកាន់អង្គសភា នៅចំពោះមុខសម្តេចប្រធាន និងសមាជិក សមាជិការដ្ឋមន្ត្រីក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាញញាចក្រី ដែលបានអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះនៅក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧នីតិកាលទី៦ដើម្បីស្នើសុំពិនិត្យនិងអនុម័តដ៏ខ្ពង់ខ្ពស់។ លោក​​រដ្ឋមន្ត្រី បានជម្រាបជូនអង្គសភាថាសេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការកសាងឯកសារបទដ្ឋានគតិយុត្តសម្រាប់ធ្វើការអភិវឌ្ឍវិស័យកសិកម្មដូចមានចែងយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល។
លោករដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធាន និងអង្គសភាអំពីប្រវត្តិនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះយ៉ាងលម្អិតជាបន្តបន្ទាប់ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការនៃការកសាងច្បាប់ ស្របទៅតាមនិន្នាការនៃការវិវធ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិទាំងសេដ្ឋកិច្ចនិងសង្គមឆ្លើយតបតាមអនុសញ្ញាអន្ដរជាតិស្តីពី “ការការពាររុក្ខជាតិ”នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៥២ និងកាតព្វកិច្ចក្នុងនាមជាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)ជាពិសេសលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចេញ និងនាំចូលកសិផល និងរុក្ខជាតិមកក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយយល់ច្បាស់ពីសេចក្តីត្រូវការចាំបាច់អំពីឯកសារគតិយុត្តរបស់កម្ពុជារាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទជាសេនាធិការចាំបាច់និងជាបន្ទាន់ត្រូវបង្កើតច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” នេះឡើង។
ដោយទទួលបានការសហការនិងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធគណ:រដ្ឋមន្រ្តីគណ:កម្មាធិការទី៣ និងគណ:កម្មាការផ្សេងៗទៀតនៃរដ្ឋសភាពបានពិនិត្យពិភាក្សានិងវាយតម្លៃលើទម្រង់ ខ្លឹមសារ​គតិ​យុត្តនិងបានអនុម័តជាឯកច្ឆន្ទអនុញ្ញាតឲ្យដាក់សេចក្តីព្រាងច្បាប់នេះចូលក្នុងរបៀប វារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភានាពេលនេះ។
សេចក្តីព្រាងច្បាប់ត្រូវអង្គសភាធ្វើការពិនិត្យពិភាក្សានិងលើកជាសំណួរក្នុងន័យស្ថាបនាដែលផ្តល់ធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះ និងគាំទ្រលើខ្លឹមសារបច្ចេកទេសនិងមូលដ្ឋានគតិយុត្តនៃច្បាប់នេះបន្ថែម។ ចុងបញ្ចប់នៃកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហា​ញញាចក្រី ហេង សំរិន សមាជិក សមាជិការដ្ឋសភា ដែលបានចំណាយពេលដ៏មានតម្លៃ ធ្វើការពិនិត្យ និងពិភាក្សា ហើយបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” តាមសំណើរបស់រាជរដ្ឋាភិបាល។