អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan)បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ី កំពុងផ្លាស់ប្តូរយុទ្ធសាស្រ្តធ្វើសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ដោយពួកគេងាកទៅធ្វើសង្រ្គាមនៅតំបន់ភាគខាងកើតនិងភាគខាងត្បូងប្រទេសមួយនេះវិញ ក្រោយប៉ះជាមួយកម្លាំងការពារដ៏រឹងមាំជាងការរំពឹងទុករបស់អ៊ុយក្រែន ដែលគាំទ្រដោយសម្ព័ន្ធមិត្តលោកខាងលិច ។
លោក ស៊ូលីវ៉ាន់បាននិយាយថា បច្ចុប្បន្នរុស្ស៊ីយល់ឃើញថា លោកខាងលិចមិនបោះបង់ចោលការគាំទ្ររបស់ពួកគេដល់រដ្ឋាភិបាលអ៊ុយក្រែននោះទេ ប៉ុន្តែលោកបានព្រមានថា រុស្ស៊ីបង្កើនកម្លាំងវាយប្រហារទ្វេដង ក្រោយដកទ័ពចេញពីរដ្ឋធានីគីវ ឆ្ពោះទៅតំបន់ភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន ។
លោក ស៊ូលីវ៉ាន់ និយាយថា សហរដ្ឋអាមេរិក រំពឹងថា រុស្ស៊ី នឹងបន្តការវាយប្រហារតាមច្រកអាកាស និងមីស៊ីល មកលើរដ្ឋធានីគីវ និងទីក្រុងភាគខាងលិចល្វីវ បង្កឲ្យមានការភ័យខ្លាច និងផលប៉ះពាល់សេដ្ឋកិច្ច នៅតំបន់ផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ។
លោកស៊ូលីវ៉ាន់ បានធ្វើការព្រមានថា រុស្ស៊ីនៅមានកម្លាំងដែលមានច្រើនជាងកម្លាំងអ៊ុយក្រែន ហើយ រុស្ស៊ីបច្ចុប្បន្នផ្តោតសំខាន់លើកម្លាំងយោធារបស់ខ្លួននៅខ្សែប្រយុទ្ធតិចតួចជាងមុន ។ រុស្ស៊ីទំនងជាបន្តវាយប្រហារមកលើគោលដៅជនស៊ីវិលផងដែរ ។
លោកបញ្ជាក់ថា ទោះបីជាយ៉ាងនេះក៏ដោយ វាមិនមែនមានន័យថា រុស្ស៊ីនឹងជោគជ័យនោះទេ ហើយនេះក៏ដោយសារតែការងារដ៏អស្ចារ្យរបស់យោធាអ៊ុយក្រែន ខណៈដែលរុស្ស៊ីពិបាកក្នុងការសម្រេចជោគដៅធ្វើសង្រ្គាមរបស់ខ្លួន ក្នុងរយៈពេល ១ខែកន្លងមកនេះ ៕