ខេត្ត-ក្រុង៖ មន្ត្រី ក.ប.ប. បន្តចាត់វិធានការពិន័យអន្តរការណ៍ ដើម្បីជាការដាស់តឿនដល់អាជីវករដែលប្រព្រឹត្តកំហុសឆ្គងលើកដំបូង។
ក្រោយពីការធ្វើអធិការកិច្ចយ៉ាងយកចិត្តទុកដាក់លើអាជីវកម្មប្រេងឥន្ធនៈចំនួន ២៧ទីតាំង ស្ថិតក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង ស្រុកពារាំងនិងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ស្រុកកណ្តៀង ស្រុកភ្នំក្រវ៉ាញ ស្រុកវាលវែងនិងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្រុកស្វាយលើ ខេត្តសៀមរាប និងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២២នេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំនៅក្នុងខេត្តខាងលើបានបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ទីតាំង មិនមានអនុលោមភាពក្នុងអាជីវកម្មរបស់ខ្លួន ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យ និងបទល្មើសជាក់ស្តែង មន្ត្រីយើងបានចាត់វិធានការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង ដើម្បីឱ្យមានការកែប្រែ។