(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានរកឃើញគ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ខេមបូឌាដែលមាន លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ជាប្រធានគ្រឹះស្ថានមួយនេះ គឺមានផ្ទុកសារធាតុគីមីបារ៉តលើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការហាមឃាត់ការចែកចាយឬលក់គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្ដាញព័ត៌មានទទួលបាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាលបញ្ជាក់ថា តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល គឺ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា មានផ្ទុកធាតុគីមីបារត លើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។