ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីសាលាស្រុកម្នាក់ នៅខេត្តសៀមរាប ត្រូវក្រពើខាំស្លាប់ បន្ទាប់ពីធ្លាក់ចូលក្នុងអាងក្រពើ

សៀមរាប៖ មន្ត្រីរដ្ឋបាលសាលាស្រុកម្នាក់ នៅក្នុងខេត្តសៀមរាប បានស្លាប់នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ដោយសាររងរបួសធ្ងន់ធ្ងរពេក ហើយក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន បន្ទាប់ត្រូវក្រពើព្រួតគ្នាខាំឲ្យរបួសជាច្រើនកន្លែង ក្រោយពីធ្លាក់ចូលក្នុងអាងក្រពើនាពេលរាត្រី កាលពីបួនថ្ងៃមុន។

លោក ស៊ូ សុធា អាយុ៣៧ឆ្នាំ ជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោងមួយយប់ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានធ្លាក់ចូលអាងក្រពើ បណ្ដាលឲ្យក្រពើព្រួតគ្នាខាំរហូតរបួសជាច្រើនកន្លែង ក្នុងអាងក្រពើមួយ ស្ថិតនៅក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ក្រុមគ្រួសារបុរសស្លាប់ដោយក្រពើខាំនេះ បាននិយាយរំឭកថា លោក ស៊ូ សុធា គឺជាអ្នកមើលថែលើការចិញ្ចឹមសត្វក្រពើ ហើយតែងតែដេកតែម្នាក់ឯង ក្នុងអង្រឹងនៅលើរោងទ្រុងក្រពើ  ហើយនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃតែឆ្លងឆ្នាំថ្មី ក្រុមគ្រួសាររបស់បុរសនេះ បានជួបជុំផឹកស៊ីជុំគ្នាអស់ស្រាបៀរប្រមាណមួយកេះ ហើយក៏បែកគ្នារៀងៗខ្លួន។

ក្រុមគ្រួសារ បានរំឭកទៀតថា ចំណែកលោក ស៊ូ សុធា បានឡើងទៅដេកក្នុងអង្រឹង នៅលើទ្រុងក្រពើដូចសព្វដង លុះនៅម៉ោងចន្លោះមួយយប់ គេឮសំលេងលោកស្រែកដល់ផ្អើលអ្នកផ្ទះជិតខាង និងនៅអ្នកក្នុងផ្ទះ ឲ្យភ្ញាក់ពីដំណេក ហើយរត់មករកទីមានសម្រែកឲ្យជួយ។

ពួកសាច់ញាតិ និងអ្នកជិតខាង បានចូលទៅមើលក្នុងរោង ក៏បានឃើញក្រពើកំពុងខាំបោកទាញបុរសនេះ ហើយពួកគេក៏នាំគ្នាវាយដេញក្រពើ ដើម្បីជួយសង្គ្រោះយកបុរស និងដឹកទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែដោយសារស្នាមរបួសធ្ងន់ធ្ងរពេក ក៏ស្លាប់នៅថ្ងៃនេះ នៅឯមន្ទីរពេទ្យក្នុងខេត្តសៀមរាប៕