អ៊ុយក្រែន៖ សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែនហើយនិងបន្តជំរុញការទូតនៅក្នុងប្រទេសញាំញីដោយភ្លើងសង្រ្គាមួយនេះ ស្របពេលដែលរដ្ឋមន្រ្តីការបរទេសរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងប្រធានមន្ទីរបច្ចកោណ បញ្ចប់ដំណើរទស្សនកិច្ចដោយសម្ងាត់របស់ពួកគេ មកកាន់ទីក្រុងគីវ ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក អាន់ថូនី ប្ល៊ីនឃិន(AntonyBlinken)និងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន(Lloyd Austin) បាននិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែនពីកញ្ចប់ហិរញ្ញវប្បទានយោធា ៣០០លានដុល្លារបន្ថែមទៀត និងការលក់គ្រាប់កាំភ្លើង ១៦៥លានដុល្លារ ។
វាគឺជាដំណើរបំពេញទស្សនកិច្ចរបស់អាមេរិកម្រិតខ្ពស់បំផុតមកកាន់រដ្ឋធានីអ៊ុយក្រែនមួយនេះ ចាប់តាំងពីរុស្ស៊ី បើការវាយលុកកាលពីចុងខែកុម្ភៈកន្លងទៅ ។
លោក អូស្ទីននិងលោក ប្ល៊ីនឃិនបានប្រកាសការផ្តល់ហិរញ្ញប្បទានយោធាបរទេសសរុបចំនួន ៧១៣លានដុល្លារ សម្រាប់អ៊ុយក្រែន និងដៃគូ ហើយនិងសម្ព័ន្ធមិត្ត ចំនួន ១៥ប្រទេស ។ ថវិការចំនួន ៣២២ លានដុល្លារ គឺទុកសម្រាប់ទីក្រុងគីវ ។
លោក ប្ល៊ីនឃិន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសប៉ូឡូញ រយៈពេល១ថ្ងៃ ក្រោយជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែននិងក្រុមមន្រ្តីអ៊ុយក្រែនផ្សេងទៀតថា ពាក់ព័ន្ធនឹងបំណងធ្វើសង្រ្គាមរបស់រុស្ស៊ីទីក្រុងម៉ូស្គូបានបរាជ័យរួចទៅហើយៗអ៊ុយក្រែនបានជោគជ័យរួចទៅហើយដែរ ដោយហេតុថា គោលបំណងចម្បងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាមសម្តីផ្ទាល់មាត់របស់លោកអ៊ុយក្រែនត្រូវដាក់បញ្ចូលទៅក្នុងរុស្ស៊ីទាំងស្រុង ដកហូតអធិបតេយ្យ និងឯករាជ្យជាតិរបស់ពួកគេ។វាមិនបានកើតឡើងនោះទេ ហើយច្បាស់ណាស់ថា វាគ្មានថ្ងៃនឹងកើតឡើងនោះទេ ។
នៅក្នុងជំនួបនោះដែរ លោកហ្សេឡេនស្គីបាននិយាយថា លោកមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយអាមេរិក ហើយលោកសូមកោតសរសើរជាពិសេសដល់លោកប្រធានាធិបតី ចូ បៃដិន សម្រាប់ការគាំទ្រផ្ទាល់ខ្លួនរបស់លោក ។
ខណៈនោះដែរ លោក អូស្ទីនបាននិយាយពីកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់អ៊ុយក្រែននូវអាវុធមានប្រសិទ្ធិភាពបំផុត ក្រោយរុស្ស៊ីផ្លាស់ប្តូរកងកម្លាំងរបស់ខ្លួនទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែន ៕