ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះបានអនុញ្ញាតឲ្យ លោក​​ ឌិញ ទៀនហ្ស៊ុង សមា​ជិកការិយាល័យនយោបាយបក្សកុម្មុយ​នីស្ដវៀត​ណាម និងជាលេខាបក្សរដ្ឋធានីហាណូយបានជួបសំដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះ លោក​ ឌិញ ទៀនហ្ស៊ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសំដែងការគួរសមនាពេលនេះ។
លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជូនពរសម្តេចឲ្យទទួលបាននូវភាពជោគជ័យរាល់ភារកិច្ចទាំងឡាយ។
លោក​​ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ជំងឺកូវី-១៩ របស់ប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ ។
លោក​​ក៏បានគោរពរាយការណ៍ជូនសម្តេចតេជោអំពីស្ថានភាព ក៏ដូចជាការទប់ស្កាត់ជំងឺ Cov​id-19 នៅរដ្ឋធានីហាណូយប្រទេសវៀតណាមភាពស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍របស់រដ្ឋធានីហាណូយនិងការប្ដេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវារដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ដូចជាការពង្រីកពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបាននូវភាពជោគជ័យ នូវរាល់សេចក្តីថ្លែងការក៏ដូចជាកិច្ចព្រមព្រៀងទាំងឡាយរបស់ថ្នាក់ដឹកនាំនៃប្រទេ​សទាំងពីរតែបានព្រមព្រៀងគ្នាកន្លងមក។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក ឌិញ ទៀនហ្ស៊ុង ចំពោះការពាំនាំនូវការផ្ដាំសួរសុខទុក្ខ ពីថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាមជូនចំពោះសម្ដេចនៅពេលនេះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏មានសេក្តីរីករាយជាមួយនឹងការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
សម្តេចតេជោបានមានប្រសាសន៍បន្តថា ជាការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងលើសផែនការ៥ពាន់លានដុល្លារ តែទោះជាយ៉ាងនេះក្តី យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការកែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នាឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត បាននៅពេលខាងមុខ៕