បរទេស៖អគ្គលេខាធិការអង្គការសម្ព័ន្ធយោធាអូតង់លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រប្រទេសអ៊ុយក្រែន ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី រយៈពេលជាច្រើនឆ្នាំខាងមុខទៀត ។
ការជួយគាំទ្រនេះរួមទាំងជួយឲ្យទីក្រុង Kyiv ផ្លាស់ប្ដូរពីការប្រើប្រាស់អាវុធសម័យអតីតសហភាពសូវៀត មកប្រើប្រាស់អាវុធ លោកខាងលិចនិងប្រព័ន្ធអាវុធនានាដ៏ទំនើប ។
ការថ្លែងបែបនេះរបស់លោក Stoltenberg មានឡើងបន្ទាប់ពីវិមានក្រឹមឡាំងព្រមានថា ការផ្គត់ផ្គង់អាវុធរបស់លោកខាងលិចទៅកាន់ប្រទេសអ៊ុយក្រែន រួមទាំងអាវុធធុនធ្ងន់ជាដើម បានបង្កការគំរាមដល់សន្តិសុខនៃឧបទ្វីបអឺរ៉ុប និងបង្កឲ្យមានអស្ថិរភាព។
លោក Stoltenberg បានប្រាប់កិច្ចប្រជុំកំពូលយុវជនក្នុងទីក្រុង ព្រូស សែលថា យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលវែង ។ វាពិតជាអាចទៅរួចដែលថាសង្រ្គាមនេះ នឹងអូសបន្លាយរយៈពេលច្រើនខែ ច្រើនឆ្នាំទៀត។
លោក Stoltenberg បាននិយាយថា លោកខាងលិចនឹងបន្តដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីបញ្ចប់ការលុកលុយលើអ៊ុយក្រែនតាមរយៈការដាក់ទណ្ឌកម្ម និងការផ្ដល់ជំនួយយោធា ដល់ទីក្រុង Kyiv ។
តែផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់មួយរូបរបស់វិមានក្រឹមឡាំង បានព្រមានថា ការគាំទ្រផ្នែកគ្រឿងសព្វាវុធរបស់លោកខាងលិចឲ្យវាយប្រហារចូលទឹកដីរបស់រុស្ស៊ី មិនត្រឹមតែអាចនាំឲ្យបរាជ័យក្រោមដៃរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងរងការបំផ្លិចបំផ្លាញទាំងស្រុងនៅក្នុងប្រទេសអ៊ុយក្រែនទៀតផង ហើយអាចនឹងឈានទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរថែមទៀតផង ។
ការព្រមានចេញពីមាត់របស់លោកស្រី Margarita Simonyan និពន្ធនាយករបស់សារព័ត៌មានឃោសនានយោបាយ RT និង Sputnik មានឡើងបន្ទាប់ពីមានការវាយប្រហារពីអ៊ុយក្រែនបន្ថែមទៀត ទាំងយប់នៅទីក្រុងព្រំដែន Belgorod ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងយោធារុស្ស៊ីនៅប្រទេសអ៊ុយក្រែនភាគខាងកើត ។ នេះមិនមែនជាលើកដំបូងទេ ដែលក្រុមមេដឹកនាំនៅវិមានក្រឹមឡាំង ឬ ក្រុមអ្នកឃោសនា នយោបាយរុស្ស៊ី បានព្រមានពីការផ្ទុះសង្គ្រាមនុយក្លេអែរ ទោះបីជាការគំរាមទាំងនោះលេចចេញរូបរាងកាន់តែច្បាស់ឡើង ខណៈសង្រ្គាមនៅតែបន្ត។
ប្រទេសរុស្ស៊ី បានព្រមានលោកខាងលិចថា នឹងមានការឆ្លើយតបដោយយោធាដ៏ខ្លាំងក្លាទៅកាន់ការវាយប្រហារណាមួយបន្ថែមទៀតមកលើដែនដីរបស់រុស្ស៊ី ដោយចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួនពីបទចេញមុខញុះញង់ដោយបើកចំហរឲ្យអ៊ុយក្រែនវាយប្រហារមកលើប្រទេសរុស្ស៊ី ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថាប្រទេសរុស្ស៊ី នឹងមិនពិចារណាពីវត្តមានរបស់ទីប្រឹក្សាបរទេសឡើយ នៅពេលការវាយប្រហារសងសឹកចូលមកដល់ ។
លោកស្រី Zakharova បានទទួលស្គាល់ថា ការវាយប្រហាររបស់អ៊ុយក្រែនលើដឹកដីរបស់រុស្ស៊ី បានបណ្ដាលឲ្យមានមនុស្សរងរបួស និងការបំផ្លិចបំផ្លាញ ប៉ុន្តែពុំបាននិយាយពីការវាយប្រហារលើទីតាំងស្តុកប្រេងក្នុងតំបន់ Bryansk ស្ថិតនៅចម្ងាយ ១០០ម៉ាយល៍ពីព្រំដែននោះទេ ។
លោកស្រី Zakharova បានបន្ថែមថា សកម្មភាពឧក្រិដ្ឋកម្មបែបនេះ ប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មកលើទឹកដីរុស្ស៊ីនៅតែជារឿងនៅស្ងៀមមិនឆ្លើយតបបានទេ យើងចង់ឲ្យទីក្រុង Kyiv និងបណ្ដាប្រទេសលោកខាងលិចស្ដាប់សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់យើងឲ្យបានច្បាស់ថា សកម្មភាពបង្ករឿងដែលចេះតែបន្តរបស់អ៊ុយក្រែន ដើម្បីវាយប្រហារប្រឆាំងរុស្ស៊ី នឹងទទួលបានត្រឡប់ទៅវិញនូវការឆ្លើយតបដ៏ធ្ងន់ធ្ងរ ពីរុស្ស៊ី ហើយក្រុមទីប្រឹក្សាមកពីបណ្ដាប្រទេសលោកខាងលិច ដែលកំពុងស្ថិតនៅចំណុចកណ្ដាលនៃការសម្រេចចិត្តរបស់អ៊ុយក្រែន ក៏នឹងត្រូវប្រឈមនឹងសកម្មភាពសងសឹករបស់រុស្ស៊ីដូចគ្នាផងដែរ ។ យើងមិនណែនាំឲ្យមានការសាកល្បងភាពអំណត់របស់យើងបន្ថែមទៀតនោះទេ ។
វិមានក្រឹមឡាំងបាននិយាយទៀតថា សន្តិសុខអឺរ៉ុប ត្រូវបានគំរាមកំហែងដោយសារការផ្គត់ផ្គង់អាវុធពីលោកខាងលិច បន្ទាប់ពីប្រមុខការទូតអង់គ្លេសបានអំពាវនាវឲ្យវាយបណ្ដេញកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការរួមគ្នាសម្រុកផ្ដល់អាវុធ រួមទាំងអាវុធធុនធ្ងន់ ផងនោះទៅកាន់ប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសផ្សេងទៀត គឺជាសកម្មភាព ដែលគំរាមកំហែងដល់សន្តិសុខ និងបង្កឲ្យមានអស្ថិរភាពដល់ឧបទ្វីបនេះ ។
លោកបានឆ្លើយតប ទៅនឹងសំណួរទាក់ទងនឹងការអត្ថាធិប្បាយនានាធ្វើឡើងដោយប្រមុខការទូតអង់គ្លេស គឺលោកស្រី Liz Truss ថា លោកខាងលិច ត្រូវតែបង្កើនការផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន និងត្រៀមការធ្វើសង្រ្គាមរយៈពេលវែង ។
លោកស្រី Truss បាននិយាយកាលពីថ្ងៃពុធនៅក្នុងទីក្រុងឡុងដ៍ថា យើងបន្តបង្កើន នឹងប្រឹងឲ្យបានលឿនដើម្បីបណ្ដេញរុស្ស៊ីចេញពីអ៊ុយក្រែនទាំងមូល ។ យើងមិនអាចឈប់បានទេ ។ ជោគវាសនារបស់អ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ។ លោកស្រី បានបន្ថែមថា ប្រសិនបើលោក Putin សម្រេចបំណង និងមានប្រទេសជាច្រើនទៀត នឹងរងទុក្ខនៅទូទាំងអឺរ៉ុប ៕