ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួនជាង១,៧៥៣នាក់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលបានធ្វើឡើងនៅសាលពិព័រណ៍ OCIC ជ្រោយចង្វារ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយក្មួយៗចៅៗ ដែលបានជាប់និទ្ទេស A ចំនួន ១,៧៥៣នាក់ ក្នុងឆ្នាំ២០២១នេះ។ សម្តេចពិតជារីករាយចំពោះចំនួនដ៏ច្រើននេះ។
សម្តេចតេជោបានអបអរសាទរជាមួយសិស្សនិទ្ទេស A និងអាណាព្យាបាលទាំងអស់ដែលមានកូនក្លាយជាសិស្សឆ្នើម។​ ទន្ទឹមនឹងនោះ​ សម្តេចតេជោក៏បានសម្តែងនូវការសោកស្តាយផងដែរចំពោះសិស្សានុសិស្សដែលមិនបានប្រលងជាប់ ហើយសម្តេចសង្ឃឹមថា ពួកគេនឹងបន្តសិក្សានៅឆ្នាំ២០២២នេះ ដើម្បីប្រលងជាថ្មី ឬបន្តចាប់យកជំនាញវិជ្ជាជីវៈនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសនានា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផ្តើមចេញពីការដាក់ចេញគោលនយោបាយអាទិភាពលើវិស័យអប់រំ បានធ្វើឱ្យមានការយកចិត្តទុកដាក់លើការអប់រំពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទៅលើការសិក្សារបស់សិស្សានុសិស្ស។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ក្រសួងអប់រំយុវជន និងកីឡា ដែលបានខិតខំសម្របសម្រួលក្នុងការប្រឡងបាក់ឌុបនៅទូទាំងប្រទេស ដែលទទួលបានលទ្ធផលគួរជាទីមោទនភាព។

មានប្រសាសន៍ទៅកាន់ក្មួយៗ និងចៅៗទាំងអស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីភាពខ្ទេចខ្ទាំនៃវិស័យអប់រំនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះធនធានអ្នកចេះដឹងជាច្រើនត្រូវបានសំលាប់ចោល ហើយសាលារៀនមួយចំនួនក៏ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស។
ក៏ប៉ុន្តែក្រោយពីយើងបានរំដោះប្រទេសនិងទទួលបាននូវសុខសន្តិភាព គឺយើងបានខិតខំបណ្តុះបណ្តាលធនធានមនុស្សដែលបានកើនមានឡើងជាបន្តបន្ទាប់ ជាពិសេសរាជរដ្ឋាភិបាលបានពង្រាយសាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នង ដើម្បីទុកអោយកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា ក្នុងនោះថែមទាំងយើងបានកំណត់ថា ឃុំ១មានអនុវិទ្យាល័យ១។

ចំពោះរង្វាន់លើកទឹកចិត្តដល់កូនក្មួយនិងចៅៗដែលទទួលបាននិទ្ទេស (A) ទាំង១,៧៥៣នាក់ គឺក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់១គ្រឿង ដែលជាអំណោយរបស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួនម្នាក់១។
ចំពោះលោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួម ម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុងមួយសាលាទទួលបានថវិការ ៣លានរៀល។

មុននឹងបញ្ចប់​ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកូនក្មួយ ព្រមទាំងចៅៗ សិស្សានុសិស្សទាំងអស់ជួបតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗជាបន្តទៀតក្នុងការសិក្សារៀនសូត្រ និងក្នុងការអប់រំ ផ្តល់នូវចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយជាបន្តទៀត៕