(ក្រុងបាវិត)ខេត្តស្វាយរៀង៖ បែកធ្លាយករណីកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូ ពិភពថ្មី ឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បាននាំបក្សពួកចំនួន៣នាក់ ឈ្មោះ ថន ឈ្មោះប្រុស និងឈ្មោះរ៉ា ទៅយកសម្ភារៈនិងភេស្ជ:ប្រជាពលរដ្ឋលក់ដូរនៅតាមផ្លូវ ត្រូវជាប់ចោទពីបទ “ប្រព្រឹត្តអំពើលួចនិងប្រើអំណាចកៀបសង្កត់” ហើយត្រូវលោកព្រះរាជអាជ្ញាចេញដិកាកោះហៅឲ្យចូលទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅខែឧសភាខាងមុខនេះ។
ទាក់ទិនករណីខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថាៈ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទីរសៀល មានឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ ជាកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ក្រុងបាវិត បាននាំបក្សពួក ទៅលើកយកសម្ភារៈលក់ដូរ និងភេស្ជៈដូចជា÷ ធុងទឹកកក ធំចំណុះ១០០លីត្រ ចំនួន២, ធុងដាក់ទឹកកក ចំណុះ៦០លីត្រចំនួន១, និងភេស្ជៈក្នុងធុងជាច្រើនទៀត ដែលជារបស់ប្រជាពលរដ្ឋ លើកដាក់លើរទេស យកទៅស្នាក់ការកាស៊ីណូ ដោយសំអាងថា ប្រជាពលរដ្ឋឈ្មោះ កុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទៅលក់នៅចំណតរថយន្តរបស់គេ ហើយមិនព្រមបង់ប្រាក់ ទើបពួកគេរឹបអស់សម្ភារៈនិងភេស្ជៈបែបនេះ។
មលោកស្រី កុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា គាត់ប្រកបមុខរបរលក់ភេស្ជៈនៅលើដីសាធារៈរបស់រដ្ឋខាងមុខច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាយូរឆ្នាំមកហើយ លុះដល់ឆ្នាំ២០០៧ ឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី បានវិនិយោគធ្វើចំណតរថយន្តដោយទទួលបានអាជ្ញាប័ណ្ណរយៈពេល៣០ឆ្នាំ «ពីឆ្នាំ២០០៧-ដល់ឆ្នាំ២០៣៧»។
ស្ត្រី កុយ សុវណ្ណី បានបន្តថាៈ កាលពីឆ្នាំ២០១៧ គាត់បានបន្តប្រកបមុខរបរលក់ភេស្ជៈ នេះគ្មានអ្នកណាមកឲ្យបង់ប្រាក់ឡើយ រហូតដល់ឆ្នាំ២០១៩ក៏មានឈ្មោះ ស៊ូស៊ី កូនស្រីឧកញ៉ា លី ប៉ោយូ មកទាមទាបង់ប្រាក់ឲ្យពួកគេ ក្នុង១ខែ ៤០០ដុល្លារ រូបគាត់ពុំបានបង់ប្រាក់ឲ្យនោះទេ ពីព្រោះគាត់ប្រកបមុខរបរនៅលើដីសាធារណៈរបស់រដ្ឋ ជិតប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនមែនចំណតរថយន្តលោកឧកញ៉ា លី ប៉ោយូ ទេ។
ចំពោះករណីនេះដែរ ក្រុមអ្នករត់តាក់ស៊ីវិញបានលើកឡើងថា បេនឡាន ក្រុងបាវិត គឺនៅខាងក្នុង លុះដល់ឆ្នាំ២០១២ស្រាប់តែម្ចាស់បេន លោកឧកញ៉ា លីប៉ោយូ បានសាងសង់អាគារ ធ្វើផ្សាររាត្រី ធ្វើតូបជួលទៅឲ្យជនបររទេស រហូតមកដល់ឆ្នាំ២០១៥ បានសង់អាគារកាស៊ីណូ ផ្ទះជួលសងខាងនៅសល់ចន្លោះកណ្តាលតូចប៉ុនថ្នល់ រហូតអស់ទីតាំងចំណតបេនឡាន។
សព្វថ្ងៃគឺអ្នកប្រកបមុខរបររត់តាក់ស៊ីត្រូវយកចិញ្ចើមផ្លូវសាធារណៈ ធ្វើចំណតតាក់ស៊ី ហើយកូនឧកញ៉ា លីប៉ោយូ មកបង់ថ្លៃបេនរថយន្ត១គ្រឿង១ម៉ឺនរៀលរាល់ថ្ងៃ សូមឲ្យអាជ្ញាធរក្រុង-ខេត្ត មេត្តាចុះមកពិនិត្យមើលផងពីព្រោះ បេនឡានបានក្លាយជាអគារ កាស៊ីណូ ជួល ផ្ទះជួល តូបជួល ឲ្យជនបររទេសអស់ហើយ។ ជាពិសេសកូនស្រីរបស់លោកឧកញ៉ា កំពុងធ្វើភ្លៀងធ្វើផ្គរដល់ប្រជាពលរដ្ឋក្រុងបាវិតខ្លាំងណាស់៕