ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេដឹកនាំសហភាពអឺរ៉ុប អំពាវនាវឲ្យមានបំរាមលើការនាំចូលប្រេងរុស្ស៊ីនៅក្នុងទណ្ឌកម្មថ្មី

អន្តរជាតិ:នៅថ្ងៃពុធនេះ មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុប បានអំពាវនាវឲ្យប្លុកមានសមាជិក ២៧ប្រទេសមួយនេះ ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី នៅក្នុងកញ្ចប់ទណ្ឌកម្មទី៦ ដែលមានគោលដៅមកលើទីក្រុងម៉ូស្គូ សម្រាប់សង្រ្គាមរបស់ពួកគេនៅអ៊ុយក្រែន ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានស្នើសុំផងដែរថា ធនាគារ Sberbank ដែលជាធនាគារធំបំផុតរបស់រុស្ស៊ី និងធនាគារធំ ២ផ្សេងទៀត ត្រូវតែផ្តាច់ចេញពីប្រព័ន្ធទូទាត់តាមធនាគារអន្តរជាតិ SWIFT ។
អំឡុងថ្លែងសុន្ទរកថាទៅកាន់សភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំង លោកស្រី Von der Leyen បានអំពាវនាវឲ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប ត្រូវតែបញ្ឈប់ការនាំចូលប្រេងឆៅក្នុងរវាង ៦ខែ និងផលិតផលចម្រាញ់ប្រេងរួច នៅត្រឹមដំណាច់ឆ្នាំ ។
លោកស្រី Von der Leyen បាននិយាយថា ពួកយើងត្រូវប្រាកដថា ពួកយើងត្រូវតែដកខ្លួនចេញពីប្រេងរុស្ស៊ីតាមលំដាប់លំដោយ តាមវិធីដែលធ្វើឲ្យពួកយើង និងដៃគូពួកយើង ទទួលបានផ្លូវផ្គត់ផ្គង់ជម្រើសផ្សេង និងកាត់បន្ថយផលប៉ះពាល់លើទីផ្សារពិភពលោក ។
សំណើរត្រូវការអនុម័តជាឯកច្ឆ័ន្ទ ដើម្បីចូលជាធរមាន ហើយទំនងជាក្លាយជាកម្មវត្ថុនៃការជជែកដេញដោលខ្លាំង ។
លោកស្រី Von der Leyen បានទទួលស្គាល់ថា ការជំរុញឲ្យប្រទេសជាសមាជិកទាំង ២៧រដ្ឋ ដែលប្រទេសខ្លះគ្មានផ្លូវគោក និងពឹងផ្អែកខ្លាំងលើរុស្ស៊ី សម្រាប់ការផ្គត់ផ្គង់ថាមពល ឯកភាពលើទណ្ឌកម្មប្រេង នឹងមិនមែនជាការងាយស្រួលនោះទេ ។
បើសិនជាត្រូវបានព្រមព្រៀងពិតមែននោះ បំរាមលើការនាំចូលប្រេង នឹងក្លាយជាទណ្ឌកម្មទី ២របស់សហភាពអឺរ៉ុប មកលើឧស្សាហកម្មថាមពលដ៏មានតម្លៃរបស់រុស្ស៊ី ពាក់ព័ន្ធនឹងសង្រ្គាមរបស់ពួកគេនៅអ៊ុយក្រែន ដែលលោកប្រធានាធិបតី Vladimir Putin បានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងទៅ ៕