ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានឹងបង្កើតតំបន់ទេសចរណ៍ពិសេសដើម្បីពន្យារពេលការស្នាក់នៅរបស់ភ្ញៀវ

កម្ពុជានឹងបង្កើតតំបន់ទេសចរណ៍ពិសេសដើម្បីពន្យារពេលការស្នាក់នៅរបស់ភ្ញៀវ

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានថ្លែងថា គោលដៅនៃការបង្កើតតំបន់ទេសចរណ៍ពិសេស គឺជាការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗដើម្បីជំរុញការទាក់ទាញទេសចរជាតិ-អន្តរជាតិ ហើយក៏នឹងផ្តល់ឱកាសការងារបង្កើតឱកាសមុខរបរ ប្រាក់ចំណូល ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ការពន្យារពេលស្នាក់នៅរបស់ទេសចរទាក់ទាញវិនិយោគជាពិសេសវិនិយោគលើវិស័យទេសចរណ៍។
លោកបានអះអាងថា ការបង្កើតតំបន់ទេសចរណ៍ពិសេសនេះ គឺផ្តោតជាសំខាន់លើការជំរុញកិច្ចអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច-សង្គមទាំងមូលហើយក៏ដើម្បីប្រែក្លាយតំបន់ដែលមានសក្កានុពលទេសចរណ៍ ទៅជាតំបន់វេសនដ្ឋានទេសចរណ៍ ឬតំបន់ទេសចរណ៍ពិសេស ដែលជាបណ្តុំផលិតផលសម្បទាសេវាកម្មទេសចរណ៍និងសេវាកម្មគាំទ្រទេសចរណ៍ដទៃទៀត។
យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បង្ហាញថា ទោះបីជាវិស័យទេសចរណ៍កំពុងស្ថិតក្នុងកំណើនជាង១០%ក្នុងមួយឆ្នាំៗដែលជាមោទនភាពសម្រាប់កម្ពុជាក៏ដោយក៏វិស័យទេសចរណ៍នឹងថយចុះមកវិញប្រសិនបើកម្ពុជាមិនបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។
ប្រទេសកម្ពុជាបច្ចុប្បន្នវិស័យទេសចរណ៍ពឹងផ្អែកភាគច្រើនលើសក្តានុពលវប្បធម៌ប៉ុន្តែដើម្បីស្រូបទាញទេសចរឱ្យមានកំណើនកាន់តែខ្ពស់ថែមទៀតនោះកម្ពុជាគប្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម និងជាបន្តបន្ទាប់ទៀត។ ដូច្នេះហើយ ទើបកម្ពុជាយកចិត្តទុកដាក់រៀបចំតំបន់ទេសចរណ៍ពិសេសនេះ។
តាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល ដែលមានផែនការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានប្រមាណ៣០លាននាក់ទាំងភ្ញៀវជាតិនិងអន្តរជាតិ នៅអំឡុងឆ្នាំ២០៣០នោះគឺពិតណាស់យើងមិនអាចពឹងផ្អែកទាំងស្រុងលើទេសចរណ៍វប្បធម៌ និងធម្មជាតិដូចសព្វថ្ងៃនោះទេ ប៉ុន្តែយើងត្រូវខិតខំរៀបចំបង្កើតឱ្យមានផលិតជំនាញទេសចរណ៍ថ្មីៗ គឺទេសចរណ៍កែច្នៃ ដើម្បីបំពេញបន្ថែមលើសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ។
តំបន់ទេសចរណ៍ពិសេសដែលនឹងត្រូវចេញជារូបរាងនៅពេលខាងមុខ តាមរយៈអនុក្រឹត្យនេះវានឹងក្លាយជាផលិតផលទេសចរណ៍ថ្មីទាក់ទាញភ្ញៀវទេសចរណ៍ដ៏សកម្ម ខណៈដែលតំបន់ទេសចរណ៍ពិសេសនេះ ត្រូវបានប្រមូលផ្តុំដោយតំបន់ទេសចរណ៍ ដែលមានសក្តានុពលទាក់ទាញបំផុត។
រយៈពេល១០ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៤.៩លានក្នុងកំណើនប្រមាណ ១១%បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។
ទន្ទឹមនោះក៏មានការរំពឹងថា ពេញមួយឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់ ហើយទេសចរជាតិប្រមាណ ១០លាននាក់ ក្នុងកំណើនជាង ១០% បើប្រៀបធៀបឆ្នាំមុនផងដែរ៕