បរទេស៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើស្ថានីយរថភ្លើង និងកន្លែងផ្គត់ផ្គង់អាវុធផ្សេងទៀត ខណៈចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចពីបទផ្គត់ផ្គង់ អាវុធឲ្យអ៊ុយក្រែន។
យោធារុស្ស៊ីបាននិយាយថា ខ្លួនបានប្រើប្រាស់មីស៊ីលបាញ់ពីសមុទ្រ និងតាមអាកាស ដើម្បីបំផ្លាញរោងចក្រថាមពលអគ្គិសនីនៅស្ថានីយរថភ្លើងចំនួន៥ កន្លែងទូទាំងប្រទេសអ៊ុយក្រែន ខណៈកាំភ្លើងធំ និងយន្តហោះក៏បានវាយប្រហារបន្ទាយទាហាន និងឃ្លាំងស្តុកប្រេងឥន្ធនៈ និងគ្រាប់រំសេវផងដែរ ។
ការប្រកាសអាសន្នបានលាន់លឺនៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃពុធ និងមានការបាញ់មីស៊ីលទៅលើទីក្រុង Cherkasy និង Dnipro ក្នុងភាគកណ្តាលអ៊ុយក្រែន និង ទីក្រងZaporizhzhia នៅភាគអាគ្នេយ៍។
នៅទីក្រុង Dnipro អភិបាលក្រុងបាននិយាយថា ការបាញ់ផ្លោងមួយបានវាយប្រហារចំកណ្តាលទីក្រុង។ ពុំទាន់មានការបញ្ជាក់ពីការរងរបួសឬការខូចខាតភ្លាមៗនោះទេ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kulebaបានចោទប្រកាន់រុស្ស៊ីថា កំពុងប្រើយុទ្ធសាស្ត្រភេរវនិយមមីស៊ីល ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋនៅទូទាំងប្រទេសអ៊ុយក្រែន។
យោងតាមអភិបាលក្រុង Mariupol ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏បានផ្ទុះឡើងផងដែរកាលពីថ្ងៃពុធនៅរោងចក្រដែកថែប Azovstal ដែលតំណាងឲ្យមូលដ្ឋានចុងក្រោយរបស់ក្រុមអ្នកតស៊ូអ៊ុយក្រែននៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងដែលត្រូវបានបំផ្លាញមួយនេះ ។ ប៉ុន្តែមន្ត្រីរុស្ស៊ីមួយរូបបានបដិសេធថា ទាហានរបស់ក្រុង Moscowមិនបានវាយលុកលើរោងចក្រនោះ ដូចដែលក្រុមមេបញ្ជាការអ៊ុយក្រែនបានអះអាងមួយថ្ងៃមុននោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោកSergei Shoiguបាននិយាយកាលពីថ្ងៃពុធថា យោធារុស្ស៊ីនឹងចាត់ទុកការដឹកជញ្ជូនអាវុធរបស់ណាតូ នៅក្នុងអ៊ុយក្រែនជាគោលដៅដែលត្រូវតែបាញ់កម្ទេចចោល ។
ដោយឡែក អ្នកនាំពាក្យអង្គភាពការពារព្រំដែនរដ្ឋអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ទីក្រុង Kyiv នឹងត្រៀមខ្លួន ប្រសិនបើកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបេឡារុស ចូលរួមក្នុងសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី បាននិយាយថា យោធារបស់ខ្លួន បានចាប់ផ្ដើមធ្វើសមយុទ្ធទ្រង់ទ្រាយធំកាលពីថ្ងៃពុធ ដើម្បីសាកល្បងសមត្ថភាពត្រៀមប្រយុទ្ធរបស់ពួកគេ ហើយថា ពួកគេពុំបានបង្កការគំរាមកំហែងដល់ប្រទសជិតខាងរបស់ខ្លួននោះទេ ។
អ្នកនាំពាក្យអង្គភាពការពារព្រំដែនរដ្ឋអ៊ុយក្រែនលោក Andriy Demchenko បាននិយាយថា ពួកលោកមិនច្រានចោលទេ ពីលទ្ធភាពដែលថាសហព័ន្ធរុស្ស៊ីអាចឈានដល់ការប្រើប្រាស់ទឹកដីបេឡារុស កងកម្លាំងប្រដាប់អាវុធសាធារណរដ្ឋបេឡារុស វាយប្រហារប្រទេសអ៊ុយក្រែន ។
លោកនិយាយថា ពួកលោកបានត្រៀមខ្លួនរួចរាល់ហើយ ដោយបន្ថែមថា ព្រំដែនជាប់ជាមួយប្រទេសបេឡារុស ត្រូវបានរឹតបន្តឹង ជាប់តាំងពីរុស្ស៊ីចូលវាយលុកអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈមក ។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកមិនអាចទទួលយកកិច្ចព្រមព្រៀងជាមួយទីក្រុង Moscow ដែលនឹងអនុញ្ញាតឲ្យទាហានរុស្ស៊ីបន្តនៅក្នុងទឹកដី អ៊ុយក្រែនដែលរុស្ស៊ីដណ្ដើមយកបាននោះទេ។
លោកនិយាយថា កងកម្លាំងអ៊ុយក្រែនបានបញ្ឈប់ការវាយលុករបស់រុស្ស៊ីជាអ្វីដែលលោកបានហៅថាជាដំណាក់កាលដំបូងនៃជម្លោះ។ នៅដំណាក់កាលទី២ អ៊ុយក្រែននឹងបណ្ដេញកងទ័ពរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន ហើយនៅដំណាក់កាលទី ៣នឹងឈានទៅរកការស្ដារបូរណភាពទឹកដីរបស់ខ្លួនទាំងស្រុងឡើងវិញ។
លោក Zelenskyy បាននិយាយថា លោកនឹងមិនទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងបើកដៃឲ្យកងកម្លាំងរុស្ស៊ីបន្តនៅក្នុងទីតាំងបច្ចុប្បន្នរបស់ពួកគេឡើយ – ដោយលោកទទូចថា ពួកលោកនឹងមិនទទួលយកដែនដីជម្លោះដែលគ្មានដំណោះស្រាយនោះទេ ។
លោកបានព្រមានថា អ៊ុយក្រែននឹងត្រូវបានទាញចូលទៅក្នុង ភាពចលាចលខាងការទូត ដូចជាកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែនភាគខាងកើត ដែលផ្ដួចផ្ដើមឡើងដោយបារាំង និងអាល្លឺម៉ង់ក្នុងឆ្នាំ ២០១៥ ។
អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់ ៣.២៣៨នាក់ រួមទាំងកុមារចំនួន ២២៧នាក់ បានស្លាប់ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ខែកុម្ភៈ ។
ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថាគិតត្រឹមថ្ងៃអង្គារ សប្ដាហ៍នេះ ជនស៊ីវិល ចំនួន ១.៧០០នាក់បានស្លាប់នៅក្នុងតំបន់ Donetskនិង Luhansk ភាគខាងកើត ប្រទេសអ៊ុយក្រែន ។
ជនស៊ីវិលចំនួន ១.៥៨៣ នាក់ បន្ថែមទៀត បានបាត់បង់ជីវិតក្នុងតំបន់នានា រួមទាំងទីក្រុង Kyiv ទីក្រុង Kharkiv នៅភាគខាងកើត ទីក្រុង Chernihiv នៅភាគខាងជើង និងទីក្រុង Kherson នៅភាគខាងត្បូង ។
ពួកគេក៏បាននិយាយផងដែរថា ជនស៊ីវិលចំនួន ៣.៣៩៧នាក់ បានរងរបួស ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមបើកប្រតិបត្តិការសឹកពិសេសចូលទៅអ៊ុយក្រែន ។ ចំណែកឯ ចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរបួស មានខ្ពស់ជាងនេះ ដោយសារតែការយឺតយ៉ាវក្នុងការទទួលបានព័ត៌មាន និងពិបាកក្នុងការបញ្ជាក់ឲ្យបានច្បាស់រាល់របាយការណ៍នានាពីតំបន់ផ្សេងៗកំពុងស្ថិតក្រោមការទម្លាក់គ្រាប់បែក ពីកងកម្លាំងរុស្ស៊ី ដូចជាទីក្រុង Mariupol ជាដើម ៕