ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជីវប្រវត្តិ​សង្ខេប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៤ ខែមេសា​នេះ ជា​ថ្ងៃកំណើត​ផ្លូវការ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គម្រប់ ៦៨​ឆ្នាំ ឈានចូល ៦៩​ឆ្នាំ​។ ដូច្នេះ សារព័ត៌មានដេលីខ្មែរ សូម​ផ្សាយ​ជូននូវ​ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចុះផ្សាយ​នៅក្នុង​វេ​ប​សាយ http://www.samdechhunsen.gov.kh​។​

១៖ ព័ត៌មាន​ផ្ទាល់ខ្លួន​៖
​សម្តេច​តេ​ជោ ហ៊ុន សែន បានកើត​នៅ​ថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ (​ចុះបញ្ជី​ជា​ផ្លូវការ ថ្ងៃ ០៤ មេសា ១៩៥១) នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សិក្សា​នៅក្នុង​ស្រុកភូមិ ហើយ​នៅ​ឆ្នាំ​១៩៦៤ បានមក​រស់នៅក្នុង​វត្ត​នាគ​វ័​ន្ត នាទី​ក្រុងភ្នំពេញ ដើម្បី​បន្ត​ការសិក្សា នៅ​វិទ្យាល័យ ឥន្ទ្រៈ​ទេវី​។​

​នៅ​ឆ្នាំ​១៩៧០ ពេលដែល​កម្ពុជា ត្រូវបាន​រុញច្រាន​អោយ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម និង​ដោយ​ឆ្លើយតប​ចំពោះ​ការអំពាវនាវ​របស់​ស​ម្តេច សីហនុ នាពេលនោះ អោយ​ប្រជាជន​កម្ពុជា ចូលរួម​ក្នុង​សង្គ្រាម​ប្រឆាំង​ចក្រពត្តិនិយម នៅក្នុង​វ័យ ១៨ ឆ្នាំ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ជាមួយ​ចលនា​តស៊ូ ដែល​ក្រោយមក បាន​រំដោះប្រទេស នៅ​ថ្ងៃ ១៧ មេសា ១៩៧៥​។​

​មួយ​ថ្ងៃមុន​ថ្ងៃជ័យ​ជំនះ គឺ​ថ្ងៃ ១៦ មេសា ១៩៧៥ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ត្រូវរបួស​ភ្នែក​ខាងឆ្វេង​។ ពេល​បានជា​សះស្បើយ បន្ទាប់ពី​ការព្យាបាល​អស់​រយៈពេល​ជា​យូរ​ខែ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​។

​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី មានកូន​ទាំងអស់ ៦ នាក់​គឺ​៖ ១) ហ៊ុន កំសត់ (១០ វិច្ឆិកា ១៩៧៦ – ស្លាប់​), ២) ហ៊ុន ម៉ា​ណែ​ត (២០ តុលា ១៩៧៧), ៣) ហ៊ុន ម៉ា​ណា (១៥ កញ្ញា ១៩៨០), ៤) ហ៊ុន ម៉ានិត (១៧ តុលា ១៩៨១), ហ៊ុន ម៉ា​នី (២៧ វិច្ឆិកា ១៩៨២) និង ហ៊ុន ម៉ាលី (៣០ ធ្នូ ១៩៨៣)​។​

២៖អាជីព​នយោបាយ​៖
​ដោយ​មើលឃើញ​ពី​ការ​ប្រល័យពូជសាសន៍​នៃ​នយោបាយ​របស់ ប៉ុល ពត នៅ​ឆ្នាំ​១៩៧៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាក​ចេញពី​គ្រួសារ​ជាទី​ស្រឡាញ់​ម្តងទៀត ដើម្បី​ដឹកនាំ​ចលនា​តស៊ូ​មួយ ដែលមាន​គោលបំណង​រំដោះប្រទេស​កម្ពុជា និង​ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​។

​នៅ​ឆ្នាំ​១៩៧៨ សម្តេច ហ៊ុន សែន បាន​ក្លាយជា​សមាជិក​ស្ថាបនិក​នៃ​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។ ដោយមាន​ការសហការ​ជាមួយ​ចលនា​ស្នេហា​ជាតិ​នានា និង​ការគាំទ្រ​ពី​កងកម្លាំង​ស្ម័គ្រចិត្ត​វៀតណាម រណៈសិរ្ស​បាន​សង្គ្រោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​ទាំងស្រុង​នៅ​ថ្ងៃ ០៧ មករា ១៩៧៩​។​

​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​មុន​ឆ្នាំ​១៩៩៣ សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ដឹកនាំ​មុខតំណែង​ជាច្រើន ក្នុង​រដ្ឋបាល​កម្ពុជា ទាំង​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ក្រោយមក ប្តូរ​ជា រដ្ឋ​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន ជា​រដ្ឋមន្ត្រីការបរទេស នៅ​ឆ្នាំ​១៩៧៩ ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៥ និង​ជា​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩១​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​អោយមាន​មនុញ្ញផល​គួរអោយកត់សំគាល់​ជាច្រើន ដែល​រៀបរៀង​បានជា​មូលដ្ឋាន សំរាប់​ធ្វើអោយមាន​សន្តិ​ភាព ការបង្រួបបង្រួម​ជាតិ និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។ តាមរយៈ​ការរួមចំណែក​ប្រកបដោយ​សុច្ឆន្ទៈ និង​ការប្រឹងប្រែង សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​អោយឃើញថា ជា​ស្ថាបត្យករ​ដ៏​មោះមុត​មួយរូប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ស្តីពី កម្ពុជា​។​

​ឆ្លងតាម ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព និង​ការបោះឆ្នោត​សកល​ឆ្នាំ​១៩៩៣ គឺចាប់ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ​១៩៩៨ សម្តេច​តេ​ជោ ហ៊ុន សែន មានភ័ព្វ​វាសនា​បាន​បំរើ​ប្រទេស​កម្ពុជា​ជា​បន្តទៀត ក្នុងឋានៈ​ជា​សហនាយករដ្ឋមន្ត្រី និង​ក្រោយ​មកជា​នាយករដ្ឋមន្ត្រី​ទី​ពីរ នៃ​រាជរដ្ឋាភិបាលចម្រុះ​លើកដំបូង​របស់​កម្ពុជា​។

​នៅក្នុង​តំណែង​នេះ ជាថ្មី​ម្តងទៀត លោក​បានបង្ហាញ​អោយឃើញ​ថា ជា​សកម្មជន​ដ៏​ស្វាហាប់ ដែល​ការពារ​ជាដាច់ខាត​នូវ​មនុញ្ញផល​ជាតិ និង​ធ្វើអោយ​សំរេច​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ក្នុង​រយៈពេល​នេះ សម្តេច​បាន​យកចិត្តទុក​ដាក់​​មិនអាច​គណនា​បាន លើ​ការធ្វើអោយ​ប្រសើរឡើង​នូវ​ផ្លូវ​ជនបទ សាលារៀន មន្ទីរ​សុខភាព និង​ទឹកស្អាត​។​

​នៅ​ខែកក្កដា ឆ្នាំ​១៩៩៨ ការបោះឆ្នោត​សកល​លើក​ទី​ពីរ បាន​ដំណើរការ ហើយ​នាំ​ជា​ជោគជ័យ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អនុប្រធាន​។ សម្តេច បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាលចម្រុះ​ទី​ពីរ ដែលមាន​គណបក្សនយោបាយ​ធំ​ពីរ​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ហើយ​បានប្រកាស​ជា​ឱឡារិក​ថា រដ្ឋាភិបាល​របស់លោក គឺជា “​រដ្ឋាភិបាល​សេដ្ឋកិច្ច​”​។

​គឺ​ជាមួយនឹង​ការដឹកនាំ​របស់សម្តេចនេះហើយ ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​ទី ១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន និង​បានបញ្ចប់​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ នូវ​ការគំរាមកំហែង​របស់​ខ្មែរក្រហម ដោយ​ការធ្វើអោយ​ឯកភាព​ទឹកដី​កម្ពុជា​ទាំងមូល នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​។​

​តាមរយៈ​ការបោះឆ្នោត​សកល នៅ​ខែកក្កដា ឆ្នាំ​២០០៣ ក្នុងនាម​ជា​បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​មុខតំណែង​នាយករដ្ឋមន្ត្រី ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា អោយ​ទទួលបាន​ជោគជ័យ​។

ក្រោយ​រយៈ ១១​ខែ នៃ​ការ​ស្រាយ​វិបត្តិ​នយោបាយ សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ជោគជ័យ​ក្នុងការ​បង្កើត​សម្ព័ន្ធភាព​ជាថ្មី​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ នៅ​ថ្ងៃ ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ដោយ​អនុវត្ត​ធម្មនុញ្ញ​បន្ថែម ដែល​អនុញ្ញាតអោយ​ដំណើរការ​នូវ​ការបោះឆ្នោត​ជា​កញ្ចប់ សភាជាតិ បានសំរេច​ជ្រើសតាំង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​បានផ្តល់​សច្ចានុមតិ​ដល់​រដ្ឋាភិបាលចម្រុះ​អាណត្តិ​ទី​បី រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​នៅ​ថ្ងៃ​១៦ កក្កដា ឆ្នាំ​២០០៤ ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៃ​នីតិកាល​ទី ៣ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ “​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធិភាព​” សម្រាប់​កម្ពុជា ជាការ​បន្ត​ការអនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ ដែល​សម្តេច​បានដាក់​ចេញ​ពី​អាណត្តិ​មុន​។​

​ថ្ងៃ ២៣ វិច្ឆិកា ឆ្នាំ ២០០៥ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន បានសម្រេច​ជា​ឯកច្ឆន្ទ ជ្រើសតាំង​សម្តេច​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​បេក្ខជន សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៤ នៃ​រដ្ឋសភា​។​

​ថ្ងៃ ២៤ កញ្ញា ឆ្នាំ​២០០៨ បន្ទាប់ពី​បាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​សកល កាលពី​ថ្ងៃទី​២៧ កក្កដា ឆ្នាំ ២០០៨ ដែល​គណបក្ស​ប្រជាជន​ទទួលបាន ៩០ អាសនៈ ក្នុងចំណោម ១២៣ អាសនៈ​ក្នុង​រដ្ឋសភា​។ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា នីតិកាល​ទី ៤ និង​ចាត់​តាំងពី​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ ៥ ឆ្នាំ​ថ្មី (២០០៨ ដល់ ២០១៣)​។​

​ថ្ងៃ ២៣ កញ្ញា ឆ្នាំ ២០១៣ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ជ្រើសតាំង ដោយ​រដ្ឋសភា​នីតិកាល​ទី ៥ និង​បានការ​យល់ព្រម​ពី​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ជា​នាយករដ្ឋមន្ត្រី សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត (២០១៣ ដល់ ២០១៨)​។ ក្នុងការ​បោះឆ្នោត​សកល ថ្ងៃ ២៨ កក្កដា ឆ្នាំ ២០១៣ គណបក្ស​ប្រជាជន​បានឈ្នះ​សម្លេង​ភាគច្រើន ៦៨ អាសនៈ ក្នុង​រដ្ឋសភា ដែលមាន ១២៣ អាសនៈ​។​

​បន្ទាប់ពី​មរណភាព​របស់​សម្តេច​ជាស៊ីម ក្នុង​ជន្មាយុ ៨៣​ឆ្នាំ ដោយ​ជរាពាធ នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្រោយ​ការបោះឆ្នោត ឆ្នាំ​១៩៩៣ ដោយ​មើលឃើញ​ពី​ការប្រឹងប្រែង និង​ការរួមចំណែក​ដ៏​ធំធេង​ប្រកបដោយ​ឆន្ទៈ ចំពោះ​បុព្វហេតុ​បង្រួបបង្រួម​ជាតិ សន្តិភាព និង​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ព្រះមហាក្សត្រ នរោត្តម សីហនុ ប្រទាន​គោ​រម្យ​ងារ​ជា “​សម្តេច​”​។ គោ​រម្យ​ងារ​ជា “​សម្តេច​” នេះ ក៏​ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ប្រទាន​ដល់​សម្តេច​ជាស៊ីម និង​សម្តេច​ហេង​សំរិន ក្នុងពេល​ដំណាលគ្នា​ផងដែរ​។​

​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០០៧ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន គោ​រម្យ​ងារ “​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​” ជូន​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​។ ក្នុងនោះ សម្តេច ជា ស៊ីម និង​សម្តេច ហេង សំរិន ក៏​ទទួលបាន​គោ​រម្យ​ងារ​ថ្មី​ដូចគ្នា គឺ “​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម​” និង “​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​”​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ទទួល​សញ្ញាបត្រ​ជាច្រើន ដែល​ខ្លះ​បាន​ពី​ការសិក្សា និង​ខ្លះទៀត បាន​ពីបទ​ពិសោធន៍​ការងារ​។ ក្រៅពីនេះ ក៏មាន​គោ​រម្យ​ងារ ពានរង្វាន់ និង​មេដាយ ព្រមទាំង​សមិទ្ធិផល​ច្រើន​រាប់មិនអស់ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ទទួលបាន និង​សម្រេចបាន​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា ជាពិសេស​គឺ​ការនាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍ រួមទាំង​ការរក្សា​នូវ​សុខសន្តិភាព និង​បន្ត​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​៕​