អាមេរិក៖ នៅក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាចបណ្តាមេដឹកនាំអាស៊ានពិសេស ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានចូលរួមសំដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបាត់បង់បងប្រុសជាទីស្រឡាញ់របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពដោយសាជំងឺគាំងបេះដូង។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនៅពេលនេះ ស្របគ្នាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។
លោក ចូ បៃដិន គួរបញ្ជាក់ថា រយៈពេល ៤៥ ឆ្នាំហើយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយអាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន លើកនេះ គឺមានលក្ខណៈពិសេស ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មីនិងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។
អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិក មានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ានហើយការដែលលោកប្រធានាធិបតីទទួលអាហារពេលល្ងាចនេះ គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន។
បន្ទាប់មកនៅក្នុងពិធីលាងសាយភោជន៍រៀបចំដោយឯកឧត្តមប្រធានាធិបតី សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុងឱកាសនោះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោសូមថ្លែងអំណរគុណចំពោះ លោក ចូ បៃឌិន ដែលបានផ្ដល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្ដៅដល់រូបសម្ដេច នឹងប្រមុខថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានដទៃទៀត នៅក្នុងអំឡុងពេលនៃការស្នាក់នៅរបស់យើងនៅសហរដ្ឋអាមេរិក និងជាពិសេសការរៀបចំនូវពិធីលាងសាយភោជន៍ដ៏ប្រពៃសម្រាប់ថ្ងៃនេះផង។
សម្តេចបានគូសបញ្ជាក់ផងដែរថា នៅឆ្នាំនេះគឺជាខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ានសហរដ្ឋអាមេរិក ហើយពេលនេះជាវិធីមួយដ៏សាកសមដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃភាពជាដៃគូដ៏យូរអង្វែងរបស់យើង ។
ជាការពិតកិច្ចសហប្រតិបត្តិការរបស់យើងដែលឈរលើមូលដ្ឋានមួយដ៏រឹងមាំ និងម៉ឺងម៉ាត់នៃការគោរពគ្នាទៅវិញទៅមក មានការរក្សានូវឧត្តមប្រយោជន៍រួម បានឆ្លងកាត់រយៈពេលមួយដ៏វែងឆ្ងាយនិងជាពិសេសបានជំនះនូវឧបសគ្គប្រកបដោយភាពជោគជ័យ។
នៅក្នុងឱកាសនេះដែរសម្តេចតេជោក៏បានរំលែកទុក្ខដោយសារសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងថ្ងៃនេះដែលអាមេរិកបានទម្លាក់ទង់ជាតិមកពាក់កណ្ដាលដង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋចំនួន ១លាននាក់ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ហើយសម្ដេចក៏សូមចូលរួមសំដែងសាមគ្គីភាពដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋសហរដ្ឋអាមេរិកក្នុងឱកាសនេះ។
សម្ដេចតេជោបានមានប្រសាសន៍ថា នាពេលនេះយើងមានឱកាសសញ្ជឹងគិតអំពីដំណើរការដ៏វែងឆ្ងាយដែលអាស៊ានសហរដ្ឋអាមេរិកធ្វើការរួមគ្នាដោយការខិតខំប្រឹងប្រែងដែលនឹងជួយពង្រឹងទំនាក់ទំនងរបស់យើងលើគ្រប់វិស័យ។
សម្តេចតេជោបានគូសបញ្ជាក់ផងដែរថាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាដែលផ្អែកលើស្មារតីដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើងក៏ទទួលស្គាល់តួនាទីប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិកនៅក្នុងដំណើរការទាំងមូលនេះ។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា អាស៊ានសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការដែលសហរដ្ឋអាមេរិក បានធ្វេីសម្រាប់តំបន់។
ក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ។
សម្តេចតេជោបានបន្តទៀតថា ជាមួយនឹងសន្ទុះដែលបាននឹងកំពុងវិវឌ្ឍយ៉ាងលឿននៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែមួយ សម្ដេចតេជោសូមយកឱកាសនេះអញ្ជើញឯកឧត្តមប្រធានាធិបតី ដោយផ្ទាល់ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។
ដោយឡែកឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានសម្របសម្រួលកិច្ចសន្ទនារវាងអាស៊ានអាមេរិកនេះបានលើកឡើងថា ឥឡូវនេះយើងនឹងបន្តពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយសហរដ្ឋអាមេរិក ដែលយើងនឹងដំឡើងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ានអាមេរិកនេះ មានន័យថា នេះជាកម្រិតខ្ពស់បំផុតនៅក្នុងក្របខណ្ឌអាស៊ាន។
សម្ដេចតេជោក៏បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា សហរដ្ឋអាមេរិកគឺដើរតួនាទីសំខាន់នៅក្នុងពិភពលោកហើយតួនាទីនេះប្រសិនជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ នោះសេដ្ឋកិច្ចពិភពលោកក៏ល្អប្រសើរផងដែរហើយលើសពីនេះកន្លងមកអាមេរិកបានដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនៅកូវីដ-១៩ ក្នុងការផលិតវ៉ាក់សាំងជាដើម។
នៅក្នុងឱកាសនោះសម្តេចតេជោក៏បានអរគុណដល់ប្រធានាធិបតីអាមេរិកដែលបានផ្ដល់វ៉ាក់សាំងជូនដល់ប្រទេសកម្ពុជារួមទាំងវ៉ាក់សាំង johnson and johnson ចំនួន ១លានដូស ហើយនិងមានវ៉ាក់សាំងពីរលានដូសបន្ថែមទៀត ហើយសន្យាថានិងផ្ដល់វ៉ាក់សាំងជាង ៥លានដូសបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា នាពេលខាងមុខនេះ។
បរិយាសកាសដ៏ប្រពៃនេះ បានផ្តល់នូវសញ្ញាជាវិជ្ជមានជាច្រើន សម្រាប់កិច្ចប្រជុំនៅថ្ងៃទី១៣ ឧសភាស្អែកទៀត៕