អឺរ៉ុប៖ តម្លៃឧស្ម័នធម្មជាតិអឺរ៉ុបបានហក់ឡើងខ្ពស់ បន្ទាប់ពីការខាក់ខានដល់ផ្លូវដឹកជញ្ជូនសំខាន់ឆ្លងកាត់ប្រទេសអ៊ុយក្រែន ហើយនិងខណៈពេលដែលអាល្លឺម៉ង់និយាយថា រុស្ស៊ីកំពុងប្រើប្រាស់ថាមពលជាអាវុធក្នុងការប៉ះទង្គិចគ្នាកើនឡើងចំពោះការផ្គត់ផ្គង់ឧស្ម័ន ។
តម្លៃកិច្ចសន្យាគោលសម្រាប់ឧស្ម័នធម្មជាតិបានកើនឡើងជាង២២ភាគរយ ក្នុងនោះការដឹកជញ្ជូនពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន បានធ្លាក់ចុះប្រហែល ៣០ភាគរយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការរំខាននៅចំណុចច្រកចូលឆ្លងព្រំដែន ដោយសារសង្រ្គាម ។
វាបន្ថែមក្តីកង្វល់ទីផ្សារឧស្ម័ន ខណៈដែលទីក្រុងម៉ូស្គូ បញ្ឈប់ការដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Gazprom Germania GmbH និងអង្គភាពរបស់អាល្លឺម៉ង់ ដើម្បីជាការសងសឹក ។
កាលពីល្ងាចថ្ងៃពុធ ទីក្រុងម៉ូស្គូ បានដាក់ទណ្ឌកម្មអតីតសាខាក្រុមហ៊ុន Gazprom PJSC ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់និយ័តករថាមពលអាល្លឺម៉ង់រួមទាំងក្រុមហ៊ុនផ្គត់ផ្គង Wingas GmbH និងក្រុមហ៊ុន Gazprom Marketing & Trading Ltd ដែលមានមូលដ្ឋាននៅទីក្រុងឡូងដ៍ ។
វិធានការនេះដែរ នឹងធ្វើឲ្យបញ្ឈរទីផ្សារឧស្ម័នធម្មជាតិរាវ និងធ្វើឲ្យក្តីកង្វល់ផ្គត់ផ្គង់មានកាន់តែច្រើនជាងមុន ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បានបន្ទាបផលប៉ះពាល់ ដោយលោកអះអាងថា រុស្ស៊ីកាត់បន្ថយបរិមាណត្រឹមតែ ៣ភាគរយប៉ុណ្ណោះ នៃការនាំចូលមកកាន់ប្រទេសរបស់លោក ។
ប្រទេសរបស់លោក ទទួលបានការដឹកជញ្ជូនពីប្រភពជម្រើសផ្សេងទៀត ហើយនិងអាចលៃលក់ដោះស្រាយការអាក់ខាននេះបាន ។
រឿងដែលឈឺក្បាលជាងគេ ហើយបានកើតឡើងអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ គឺការទាមទាររបស់ទីក្រុងម៉ូស្គូ ឲ្យទូទាត់សាច់ប្រាក់ជាប្រាក់រូប្លិ៍ សម្រាប់ឧស្ម័នរបស់ពួកគេ ។
ក្រុមហ៊ុនជាច្រើនមានជំនឿចិត្តថា ពួកគេអាចបន្តទិញការផ្គត់ផ្គង់របស់រុស្ស៊ី ដោយមិនបំពានលើទណ្ឌកម្ម ក្នុងនោះនាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi កាលពីថ្ងៃពុធ ទំនងជាគាំទ្រវិធានការបែបនេះ ។
អ្នកទិញអឺរ៉ុបជាច្រើនទៀត នឹងបើកគណនីប្រាក់រូប្លិ៍ ។
ក្រុមប្រឹក្សាយោល់ Eurasia Group របស់អាមេរិក បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា ដំណើរវិវត្តន៍ចុងក្រោយនេះ គឺជាស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅនៃសន្តិសុខផ្គត់ផ្គង់ឧស្ម័ន ស្របពេលដែលមានសង្រ្គាម ។
ការអាក់ខានកំពុងកើតឡើង នឹងមានន័យថា រដ្ឋសហភាពអឺរ៉ុប នឹងបង្កើនការត្រៀមខ្លួនសម្រាប់ការអាក់ខានការផ្គង់ផ្គង់ឧស្ម័នធំជាងមុន ពីរុស្ស៊ីនៅក្នុងឆ្នាំនេះ ៕