ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងត្បូងសន្យាជួយកូរ៉េខាងជើងទប់ស្កាត់ជំងឺCOVID-19 ខណៈលោកគីថា ជាគ្រោះមហន្តរាយដ៏ធំបំផុត

អន្តរជាតិ:ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យ៉ុល នៅថ្ងៃចន្ទនេះ បាននិយាយថា លោកនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កូរ៉េខាងជើង ក្នុងការដោះស្រាយជំងឺ COVID-19 បើសិនជាទីក្រុងព្យុងយ៉ាង ឆ្លើយតបនឹងការផ្តល់ជូននេះ ។
លោក យូន បានសន្យាថានឹងបើកទ្វារជានិច្ចសម្រាប់ជំនួយមនុស្សធម៌ ដែលរួមទាំងវ៉ាក់សាំងបង្ការជំងឺ COVID-19 ឱសថ សម្ភារវេជ្ជសាស្រ្ត និងបុគ្គលិកសុខភាព សម្រាប់ប្រទេសជិតខាងមួយនេះ ដោយគ្មានគិតគិតពីបញ្ហានយោបាយ ឬយោធាអ្វីនោះទេ ។ លោក បានផ្តល់អនុសាសន៍បែបនេះ អំឡុងសុន្ទរកថាស្តីពីថវិកាក្នុងសភាប្រទេសរបស់លោក ស្ថិតនៅទីក្រុងសេអ៊ូល ។
សារព័ត៌មានរដ្ឋបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យម្សិលមិញ កូរ៉េខាងជើង បានបញ្ជាក់ករណីស្លាប់មនុស្ស ១៥នាក់បន្ថែមទៀត និងអ្នកជំងឺរាប់ម៉ឺននាក់ ខណៈដែលពួកគេដាក់ពង្រាយក្រុមការងារសុខភាព និងក្រុមការងារផ្សេងទៀត ជាង ១លាននាក់ ដើម្បីព្យាយាមទប់ស្កាត់ការរីកដាលឆ្លងជំងឺ COVID-19លើកដំបូងនៅក្នុងប្រទេសមួយនេះ ។
ដោយឡែក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការផ្ទុះរាលដាលវីរុស Covid-19ដ៏ឆាប់រហ័សនៅក្នុងប្រទេសកូរ៉េខាងជើងគឺជា គ្រោះមហន្តរាយដ៏ធំបំផុត សម្រាប់ប្រទេសនេះ។
លោក គីម បានអំពាវនាវឲ្យខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការបញ្ឈប់ការឆ្លងរាលដាលវីរុស អំឡុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃសៅរ៍ ។ លោក បានបញ្ជាឲ្យចល័តកងកម្លាំងយោធា ប្រយុទ្ធប្រឆាំងការផ្ទុះរាលដាលនៃ COVID-19 នេះ។
ការអំពាវនាវនេះមានឡើង បន្ទាប់ពីក្រុមមន្ត្រីបានប្រកាសពីករណីឆ្លងលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ទោះបីជាក្រុមអ្នកជំនាញជឿថាវីរុសនេះ ទំនងជានៅតែកំពុងបន្តឆ្លងរាលដាល។
យោងតាមសារព័ត៌មានរដ្ឋ ចំនួនអ្នកស្លាប់ផ្លូវការបានឡើងដល់៥០នាក់កាលពីថ្ងៃអាទិត្យ ខណៈចំនួនករណីឆ្លងសរុបបានឡើងដល់ ជាង ១.២១៣.៥៥០នាក់ ។ អ្នកជំងឺជាង ៦៤៨.៦៣០ នាក់ បានជាសះស្បើយ ខណៈដែលយ៉ាងហោចណាស់មានមនុស្សប្រមាណ ៥៦៤.៨៦០ នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ឬកំពុងទទួលការព្យាបាល។
របាយការណ៍ទាំងនេះពុំបាន បញ្ជាក់ថាតើពួកគេបានវិជ្ជមានវីរុស Covid-19 ឬយ៉ាងណានោះទេ ក្រៅតែពីមនុស្សម្នាក់បានស្លាប់ នៅក្នុងរដ្ឋធានី Pyongyang ដែលត្រូវបានបញ្ជាក់ថាជាករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron។ មានក្ដីបារម្ភថា ការផ្ទុះរាលដាលដ៏ខ្លាំងក្លារនេះអាចបណ្ដាលឲ្យមានស្ថានភាពធ្ងន់ធ្ងរ នៅក្នុងប្រទេសកូរ៉េខាងជើង។
ប្រជាពលរដ្ឋចំនួន ២៥លាននាក់របស់ប្រទេសនេះ កំពុងប្រឈមស្ថានភាពងាយរងគ្រោះ ដោយសារកង្វះកម្មវិធីចាក់វ៉ាក់សាំង និងមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ៕