ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអាហារទាន់ចិត្ត McDonald’s ដកខ្លួនចេញពីរុស្ស៊ី ក្រោយប្រតិបត្តិការអស់រយៈពេល ៣០ឆ្នាំដោយសារសង្រ្គាមអ៊ុយក្រែន

រុស្ស៊ី៖ ក្រុមហ៊ុនបម្រើសេវាកម្មអាហារទាន់ចិត្តដ៏ធំ McDonald’s របស់សហរដ្ឋអាអាមេរិក នឹងបិទទីផ្សារនៅក្នុងប្រទេសរុស្ស៊ី ហើយលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសដែលកាន់តែឯកាខ្លាំងឡើងៗមួយនេះ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ៣០ឆ្នាំ ។
ក្រុមហ៊ុនលោកខាងលិចជាច្រើនបានដកខ្លួនចេញពីប្រទេសរុស្ស៊ីចាប់តាំងពីការវាយលុករបស់ខ្លួនចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ។
ដោយឡែក កាលពីព្រឹកថ្ងៃច័ន្ទ ក្រុមហ៊ុនផលិតរថយន្តបារាំង Renaultបានប្រកាសថាខ្លួនបានប្រគល់ទ្រព្យសម្បត្តិរបស់រុស្ស៊ីឲ្យទៅរដ្ឋាភិបាលក្រុងទីក្រុង Moscow ។
គួរឲ្យដឹងថាកាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន McDonald’s បានបិទភោជនីយដ្ឋានចំនួន ៨៥០ ទីតាំង នៅក្នុងប្រទេសនេះជាទីដែលខ្លួននិយាយថា ក្រុមហ៊ុនលក់អាហារទាន់ចិត្តមួយនេះ បានជួលកម្លាំងពលកម្ម ចំនួន ៦២.០០០នាក់ ។
ក្រុមហ៊ុននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សាជីវកម្ម McDonald’s បានប្រកាសថា ខ្លួនបានបិទទ្វារនៅក្នុងទីផ្សាររបស់ប្រទេសរុស្ស៊ី និងបានផ្ដួចផ្ដើមដំណើរការលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ទៅឲ្យក្រុមហ៊ុនផ្សេងទៀត។
កាលពីខែមុន ក្រុមហ៊ុននេះ បាននិយាយថាខ្លួនបានខាតបង់ប្រាក់ចំណូល ៥៥លានដុល្លារអាមេរិកជារៀងរាល់ខែ ដោយសារតែការបិទភោជនីយដ្ឋាន។ ក្រុមហ៊ុន McDonald’s ក៏បានបិទភោជនីយដ្ឋានចំនួន ១០៨ ទីតាំង នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ហើយនិងបន្តបើកប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែននោះ ។
ការដកខ្លួននេះដែរ ក្រុមហ៊ុន McDonald រំពឹងថានឹងខាតបង់ទឹកប្រាក់ប្រហែល ពី១.២ពាន់លានដុល្លារ ទៅ ១.៤ពាន់លានដុល្លារ ។
ប្រធានប្រតិបត្តិក្រុមហ៊ុន McDonald’s លោក Chris Kempczinski បាននិយាយថា ការលះបង់ និងភាពស្មោះត្រង់ចំពោះបុគ្គលិកក្រុមហ៊ុន McDonald’s និងអ្នកផ្គត់ផ្គង់រុស្ស៊ីរាប់ពាន់នាក់ បានធ្វើឱ្យវាក្លាយជាការសម្រេចចិត្តដ៏លំបាក ក្នុងការចាកចេញ ។
លោកបន្ត ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងមាននូវការប្តេជ្ញាចិត្តចំពោះសហគមន៍សកល ហើយពួកយើងត្រូវតែប្រកាន់ភ្ជាប់គុណតម្លៃរបស់ពួកយើង ដែលការប្រកាន់ភ្ជាប់នេះ មានន័យថា ពួកយើងលែងអាចបន្តនៅទីនោះបានទៀតទេ ៕