បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinបាននិយាយកាលពីថ្ងៃច័ន្ទថា ពុំមានការគំរាមចំពោះរុស្ស៊ីទេប្រសិនបើប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកសម្ព័ន្ធណាតូ ប៉ុន្តែលោកបានព្រមានថា ទីក្រុង Moscowអាចនឹងឆ្លើយតបវិញ បើសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ពង្រឹងហេដ្ឋរចនាសម្ព័ន្ធយោធា នៅក្នុងរដ្ឋជាសមាជិកថ្មីរបស់អឺរ៉ុបខាងជើង ។
ការលើកឡើងរបស់លោក Putinគេអាចសន្និដ្ឋានបានថា លោកទំនងជាទទួលស្គាល់ការពិតហើយថា រុស្ស៊ីមិនបានជោគជ័យនោះទេនៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយសូម្បីតែហ្វាំងឡង់ ដែលមានព្រំដែនដ៏វែងអន្លាយជាប់ខ្លួន ក៏លោកបើកភ្លើងខៀវឲ្យចូលជសមាជិកណាតូដែរបើទោះបីជាគេមើលឃើញថា វាអាចគំរាមកំហែងដល់សន្តិសុខរបស់ទីក្រុង Moscowក៏ដោយ ។
លោក Putin ដែលជាមេដឹកនាំដ៏មានឥទ្ធិពលរបស់រុស្ស៊ីតាំងពីឆ្នាំ ១៩៩៩ បានលើកឡើងម្តងហើយម្តងទៀតអំពីការពង្រីកខ្លួនក្រោយសម័យសូវៀតរបស់សម្ព័ន្ធយោធាណាតូឆ្ពោះទៅទិសខាងកើត ឆ្ពោះទៅព្រំដែនរុស្ស៊ីថាជាហេតុផលសម្រាប់ជម្លោះអ៊ុយក្រែន ។
លោក Putin ដែលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានព្រមានគំរាមវាយប្រហារនុយក្លេអ៊ែររបស់រុស្ស៊ីលើលោកខាងលិចជុំវិញវិបត្តិអ៊ុយក្រែន បានឆ្លើយតបដោយស្ងប់ស្ងាត់ខុសពីធម្មតាចំពោះបំណងចូលជាសមាជិកណាតូ របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលជាផលវិបាកជាយុទ្ធសាស្ត្រដ៏ធំបំផុតនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនរហូតមកដល់បច្ចុប្បន្ន ។
លោក Putin បានប្រាប់ក្រុមមេដឹកនាំសម្ព័ន្ធយោធាដ៏មានឥទ្ធិពលនៃអតីតរដ្ឋសហភាពសូវៀតរបស់រុស្ស៊ី ថា ទាក់ទងនឹងការពង្រីកខ្លួនរបស់ណាតូនេះ រុស្ស៊ីមិនមានបញ្ហាជាមួយរដ្ឋទាំងនោះទេ ដូច្នេះ ក្នុងន័យនេះ វាមិនមានការគំរាមកំហែងភ្លាមៗចំពោះរុស្ស៊ីពីការពង្រីកឥទ្ធិពលរបស់អង្គការណាតូ ក្នុងការរួមបញ្ចូលប្រទេសទាំងនេះនោះទេ ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពន្យល់ពីមូលហេតុដែលបំណងប្រាថ្នា របស់អ៊ុយក្រែនចូលជាសមាជិករបស់សម្ព័ន្ធណាតូ គួរឲ្យបារម្ភសម្រាប់រុស្ស៊ី ជាងបំណងប្រាថ្នារបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងសម្លឹងមើលការចូលរួមក្នុងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក។ យើងមិនមានជម្លោះទឹកដីជាមួយហ្វាំងឡង់ ឬស៊ុយអែតទេ ។
លោក Peskov បានប្រាប់អ្នកព័ត៌មានកាលពីថ្ងៃចន្ទថា អ៊ុយក្រែនអាចមានសក្តានុពលក្លាយជាសមាជិកនៃអង្គការណាតូ ហើយក្នុងករណីនេះ រុស្ស៊ីនឹងមានជម្លោះទឹកដីជាមួយរដ្ឋដែលចូលរួមនៅក្នុងសម្ព័ន្ធយោធាដែលនឹងនាំមកនូវហានិភ័យដ៏ធំសម្រាប់ទ្វីបទាំងមូល ។
លោកកំពុងសំដៅទៅលើស្ថានភាពជុំវិញតំបន់ Crimea ដែលបានបោះឆ្នោតទទួលបានសំឡេងគាំទ្រយ៉ាងលើសលុបដើម្បីបំបែកចេញពីអ៊ុយក្រែន ហើយក្លាយជាផ្នែកនៃប្រទេសរុស្ស៊ីក្នុងអំឡុងពេលប្រជាមតិក្នុងឆ្នាំ ២០១៤។
ទោះជាយ៉ាងណាក៏ដោយទីក្រុង Kiev បាននិងកំពុងហៅឧបទ្វីបដែលមានប្រជាជនភាគច្រើននិយាយភាសារុស្សីថាជា “ទឹកដីក្រោមការកាន់កាប់របស់ខ្លួន” និងបាន ប្តេជ្ញា ថានឹងវាយដណ្ដើមគ្រប់គ្រងវិញ។
ការធ្វើឲ្យប្រាកដថាអ៊ុយក្រែននឹងក្លាយជារដ្ឋអព្យាក្រឹត្យ ដែលនឹងមិនចូលរួមជាមួយណាតូ ត្រូវបានរុស្ស៊ីអះអាងថាជាដើមចមមួយក្នុងចំណោមមូលហេតុសំខាន់ៗជាច្រើន សម្រាប់ប្រតិបត្តិការសឹកពិសេសរបស់ខ្លួននៅក្នុងប្រទេសនេះ
ប្រធានាធិបតីបេឡារុស លោកAlexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Putin បានអំពាវនាវឲ្យបណ្ដារដ្ឋសមាជិកនៃសម្ព័ន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ីរួបរួមគ្នា ខណៈដែលលោកបានចោទប្រកាន់លោកខាងលិចថាបានអូសបន្លាយជម្លោះនៅអ៊ុយក្រែន ធ្វើឲ្យទីក្រុង Moscow.ចុះខ្សោយ ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលក្រុមមេដឹកនាំនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅទីក្រុង Moscow លោក Lukashenko បាននិយាយពីការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសរបស់លោក ហើយរុស្ស៊ីអាចត្រូវបានគេចផុត ប្រសិនបើក្រុមសម្ព័ន្ធយោធានេះបាននិយាយជាសំឡេងតែមួយ ។
លោក Lukashenko បាននិយាយទៅកាន់លោកប្រធានាធិបតី Putin និងមេដឹកនាំនៃប្រទេស អាមេនី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគិស្ថាន ថា បើគ្មានរណសិរ្សរួបរួមទេ បណ្ដាប្រទេសលោកខាងលិចទាំងមូលនឹងបង្កើនការដាក់សម្ពាធលើដែនអាកាសក្រោយសម័យសហភាពសូវៀត ។
លោកនិយាយថា ទណ្ឌកម្មដែលដាក់លើប្រទេសបេឡារុស្សបានរារាំងការនាំចេញប្រចាំឆ្នាំរបស់ខ្លួនដែលមានតម្លៃពី ១៦ ទៅ ១៨ ពាន់លានដុល្លារអាមេរិកទៅកាន់លោកខាងលិច ៕