ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖ រុស្ស៊ីបញ្ចេញអាវុធទំនើបថ្មីៗវាយប្រហារមកលើអ៊ុយក្រែន និងបណ្តេញមន្រ្តីការទូត ដើម្បីកំញ៉ោញលោកខាងលិចពិសេសអាមេរិក

បរទេស៖ កាលពីថ្ងៃពុធម្សិលមិញ ប្រទេសរុស្ស៊ីបានលើកឡើងថា ខ្លួនបានប្រើអាវុធឡាស៊ែរជំនាន់ថ្មីដ៏មានឥទ្ធិពលក្នុងប្រទេសអ៊ុយក្រែន ដើម្បីបាញ់កម្ទេចយានដ្រូន និងការពង្រាយគ្រឿងសព្វាវុធសំងាត់របស់ក្រុង Moscowដើម្បីប្រឆាំងនឹងការសម្រុកផ្ដល់អាវុធរបស់លោកខាងលិចឲ្យអ៊ុយក្រែន ។
កាលពីឆ្នាំ ២០១៨កន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញមីស៊ីលបាលីស្ទីកអន្តរទ្វីប យានដ្រូននុយក្លេអ៊ែរក្រោមទឹក អាវុធល្បឿនលឿនជាងសំឡេង និងអាវុធឡាស៊ែរ ហើយនៅពេលនេះ ពួកគេចាប់ផ្តើមបញ្ចេញវាបណ្តើរៗហើយ ។
លោក Yury Borisov ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍យោធា បាននិយាយប្រាប់សន្និសីទនៅទីក្រុង Moscow ថាអាវុធឡាស៊ែរមានឈ្នោះថា Peresvet កំពុងត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ ហើយវាអាចគេចចេញពីការតាមដានដោយផ្កាយរណប រហូតដល់ ១.៥០០គីឡូម៉ែត្រពីលើដី ។
នៅពេលត្រូវបានសួរថាតើអាវុធប្រភេទនេះមែនទេ ដែលត្រូវបានប្រើនៅក្នុងប្រទេសអ៊ុយក្រែន លោក Borisov បាននិយាយថា មែនហើយ ។ អាវុធគំរូដំបូងនោះត្រូវបានប្រើរួចទៅហើយនៅក្នុងប្រទេសអ៊ុយក្រែន។លោកថាអាវុធជំនាន់ថ្មីនេះ មានឈ្មោះថា Zadira ។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskiy បានប្រៀបធៀបបែបចំអកពីដំណឹងអាវុធឡាស៊ែរដោយហៅថាជាអាវុធដ៏អស្ចារ្យដែលក្រុមណាស៊ីសអាល្លឺម៉ង់ បានបង្ហាញដើម្បីទប់ស្កាត់ការបរាជ័យក្នុងសង្រ្គាមលោកលើកទី២ ។
លោកបាននិយាយនៅក្នុងសុន្ទរកថាវីដេអូយប់ជ្រៅថា វាកាន់តែច្បាស់ថាអាវុធទាំងនោះមិនមានឱកាសប្រើក្នុងសង្គ្រាមទេ ការឃោសនាកាន់តែច្រើនអំពីអាវុធដ៏អស្ចារ្យដែលនឹងមានឥទ្ធិពលខ្លាំង គ្រាន់តែដើម្បីធានាឲ្យមានចំណុចបត់បែនមួយប៉ុណ្ណោះ ។ ដូច្នេះហើយ យើងឃើញថា នៅក្នុងខែទី ៣នៃសង្រ្គាមទ្រង់ទ្រាយធំ រុស្ស៊ីកំពុងព្យាយាមស្វែងរកអាវុធអច្ឆរិយៈរបស់ខ្លួន ។ ទាំងអស់នេះបង្ហាញយ៉ាងច្បាស់ពីការបរាជ័យទាំងស្រុងនៃបេសកកម្មវាយប្រហារនេះ។
ទីក្រុង Moscow បានបណ្ដេញក្រុមអ្នកការទូតជាច្រើននាក់របស់ប្រទេសបារាំង អ៊ីតាលី និងអេស្ប៉ាញ ជាការសងសឹកចំពោះការបណ្ដេញក្រុមអ្នកការទូតរុស្ស៊ីពីបណ្ដាប្រទេសសហភាពអឺរ៉ុប ជាផ្នែកមួយនៃចំណាត់ការរួមគ្នាប្រឆាំងយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែន ។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ខ្លួនបានបណ្ដេញបុគ្គលិកបេសកកម្មការទូតបារាំងចំនួន ៣៤នាក់ នៅក្នុងប្រទេសរុស្ស៊ី និងបានទុករយៈពេល២សប្ដាហ៍ឲ្យពួកគេចាកចេញពីប្រទេសរុស្ស៊ី ។
ទីក្រុង Moscow បានចេញសេចក្ដីប្រកាសនេះ បន្ទាប់ពីការកោះអញ្ជើញឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសរុស្ស៊ី លោក Pierre Levy និងបានប្រាប់លោកថា ការបណ្ដេញបុគ្គលិកបេសកកម្មការទូតរុស្ស៊ីចំនួន ៤១នាក់នាពេលកន្លងមក គឺជាសកម្មភាពបង្ករឿង និងជាការសម្រេចចិត្តខ្វះការពិចារណា ។
ក្រោយមកក្រសួងដដែលរបស់រុស្ស៊ី បាននិយាយថា បុគ្គលិកស្ថានទូតចំនួន ២៧នាក់របស់អេស្ប៉ាញ ប្រចាំនៅទីក្រុង Moscow និងអគ្គកុងស៊ុលអេស្ប៉ាញ ប្រចាំក្នុងទីក្រុង Saint Petersburg ត្រូវបានប្រកាសឈប់ស្វាគមន៍ ទៀតហើយ និងទុកពេលឲ្យ ៧ថ្ងៃក្នុងការចាកចេញពីប្រទេសរុស្ស៊ី ។
ខណៈពុំមានការចេញសេចក្ដីថ្លែងការណ៍ផ្លូវការ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានផ្សេងៗរបស់រុស្ស៊ី ថា អ្នកការទូតអ៊ីតាលីចំនួន24នាក់ ក៏ត្រូវបានបណ្ដេញចេញពីប្រទេសរុស្ស៊ីដូចគ្នាដែរ ។
រុស្ស៊ីបាននិយាយដែរថា ក្រុមយុទ្ធជនអ៊ុយក្រែនជិត ៧០០នាក់ទៀត បានទម្លាក់អាវុធចុះប្រគល់ខ្លួននៅរោងចក្រផលិតដែកថែបក្នុងទីក្រុងMariupol ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ប៉ុន្តែមានសេចក្ដីរាយការណ៍ថាក្រុមមេដឹកនាំនៅតែបន្តលាក់ខ្លួននៅខាងក្នុង ជាការពន្យារពេលចុងបញ្ចប់នៃការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមយូរបំផុតរបស់អឺរ៉ុបរយៈកាលជាច្រើនទសវត្សរ៍មកនេះ ។
ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យជាផ្លូវការចូលជាសមាជិកអង្គការណាតូ ដែលនាំមកនូវការពង្រីកឥទ្ធិពលយោធាយ៉ាងខ្លាំងដែលលោក Putin បានលើកឡើងជាយូរមកហើយថាជាហេតុផលចម្បងមួយរបស់លោកសម្រាប់ការចាប់ផ្តើម “ប្រតិបត្តិការសឹកពិសេស” ចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការប្រគល់ខ្លួនរបស់ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ៦៩៤ នាក់ទៀត មានន័យថា មនុស្សសរុបចំនួន ៩៥៩ នាក់បានទំលាក់អាវុធរបស់ពួកគេចុះនៅរោងចក្រដែកថែបដ៏ធំ Azovstal ជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ក្រុមអ្នកការពារអ៊ុយក្រែននៅក្នុងទីក្រុងនោះ។
ប្រសិនបើមានការបញ្ជាក់សេចក្តីប្រកាសរបស់រុស្ស៊ី នឹងដោះស្រាយអាថ៌កំបាំងជាច្រើនជុំវិញជោគវាសនារបស់យុទ្ធជនរាប់រយនាក់នៅក្នុងរោងចក្រនេះ ចាប់តាំងពីអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ជាឲ្យកងកម្លាំងស្នេហាជាតិទាំងអស់ឈប់ប្រយុទ្ធតទៅទៀត ។ រុស្ស៊ីនិយាយថា អ្នកប្រយុទ្ធទីក្រុង Mariupol ជាង៩០០នាក់ នោះ ត្រូវបានបញ្ជូនទៅកាន់ជំរំពន្ធនាគារ ។
ទន្ទឹមនឹងពេលនោះដែរ

ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(OHCHR) និយាយថា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ជនស៊ីវិលយ៉ាងហោចណាស់ ៣.៧៧៨នាក់ បានស្លាប់ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់រុស្ស៊ីបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ខែកុម្ភៈ។ ទិន្នន័យនេះរួមទាំងកុមារចំនួន ២៥១នាក់ផងដែរ ។
OHCHR និយាយថា មនុស្សស្លាប់ចំនួន ២.០៧០នាក់នៅក្នុងតំបន់ភាគខាងកើត Donetsk និង Luhansk ចំណែក អ្នកស្លាប់ចំនួន ១.៧០៨នាក់ នៅក្នុងតំបន់នានារួមទាំងរដ្ឋធានី Kyiv ទីក្រុង Kharkiv នៅក្នុងតំបន់ភាគខាងកើត និងកន្លែងផ្សេងទៀត។ អង្គការនេះ ក៏បាននិយាយផងដែរថា ជនស៊ីវិលចំនួន ៤.១៨៦នាក់ បានរងរបួស ។
ទីភ្នាក់ងារដដែលនេះនិយាយថាខ្លួនជឿថា ចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដមានចំនួនខ្ពស់ជាងនេះ ។ ទីភ្នាក់ងារនេះបានលើកឡើងពីការលំបាកក្នុងការបញ្ជាក់ពីរបាយការណ៍ផ្សេងៗ ពីទីក្រុង Mariupol នៅក្នុងភាគខាងកើត និងតំបន់ផ្សេងៗរបស់ប្រទេសអ៊ុយក្រែន។
យោងតាមអង្គការសហប្រជាជាតិ មនុស្សជិត១៣លាននាក់ ត្រូវគេជឿថាបានភៀសខ្លួនចេញពីផ្ទះសម្បែងក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីជម្លោះបានចាប់ផ្ដើម ។
មនុស្សជាង៦លាននាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសជិតខាង និង យ៉ាងហោចណាស់ ៦.៥លាននាក់ផ្សេងទៀត ត្រូវគេគិតថាបានភៀសខ្លួននៅក្នុងប្រទេសរងការហែកហួរដោយសង្រ្គាមមួយនេះ ៕