(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិននៃខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានៅទីស្នាក់ការគណបក្សស្រុកស្រុកកោះសូទិន ។
ពិធីដង្ហែនេះមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ក្រុមការងាចុះជួយស្រុក ឃុំ ភូមិជាគណៈអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាឃុំ សាខាគណបក្សការិយាល័យអង្គភាពជុំវិញស្រុក និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ជាច្រេីននាក់។
លោក ខៀវ កាញារីទ្ធ បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ។
លោកប្រធានក្រុមការងារបានសង្កត់ធ្ងន់អំពីសារសំខាន់ និងតម្លៃសន្តិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៃកម្ពុជា និងបានស្នើឲ្យគ្រប់គ្នា ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្តីបានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំទាំងអស់ ក្នុងឃុំ ខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងថែមទៀត៕