ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ចូលរួមក្នុងពិធីប្រកបដោយមង្គលសួស្ដីនាឱកាសនោះ រួមមាន លោក ឈាង វុន តំណាងមណ្ឌលបាត់ដំបង សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈអភិបាលខេត្តបាត់ដំបង រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
សូមបញ្ជាក់ថានៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២២នេះ គឺជាថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តទី៥ដែលមានរយៈពេលឃោសនាចំនួន១៤ថ្ងៃ។ នៅថ្ងៃទី២១ ឧសភានេះ សម្ដេចក្រឡាហោម បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានក្រុង និងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ក្នុងនោះរួមទាំងស្រុកបាណន់ផងដែរ ៕



















