កំពង់ស្ពឺ៖ ផ្ទះចំនួន១៤ខ្នង ស្ថិតនៅតាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានគីរីរម្យ ជាប់ផ្សារត្រែងត្រយឹង ឃុត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវអគ្គិសភ័យឆេះស្ទើរគ្មាន កាលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។
មន្ត្រីនគរបាល បានសន្និដ្ឋានថា អគ្គីភ័យនេះ គឺផ្តើមឡើងពីទុស្សេខ្សែភ្លើង ហើយឆេះចេញពីផ្ទះចាក់សោរទុកចោលមួយខ្នង សង់ពីឈើប្រក់សង្ក័សី ជាកម្មសិទ្ធិរបស់បុរសម្នាក់ ឈ្មោះ កយ វ៉ាន់ធឿន អាយុ៥៣ឆ្នាំ រួចឆេះឆ្លងរាលដាលយ៉ាងលឿន ទៅឆេះផ្ទះផ្សេងទៀត ដែលសាងសង់ជាប់ៗគ្នា។
មន្ត្រីដដែលបានឲ្យដឹងទៀតថា រថយន្តអន្តរាគមន៍ពន្លត់អគ្គិសភ័យចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងពន្លត់ភ្លើងអស់ទៅវិញ។ ប៉ុន្តែផ្ទះជាច្រើន ស្ទើរក្លាយជាផេះផង់។
មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា ករណីអគ្គិភ័យដ៏សន្ធោរសន្ធៅនេះ មិនមានមនុស្សរងរបួសឡើយ ហើយផ្ទះចំនួន១៤ខ្នង ត្រូវបានឆាបឆេះអស់ស្ទើរទាំងស្រុង ប៉ុន្តែនៅពុំទាន់បានដឹងពីទំហំនៃការខូចខាតទ្រព្យសម្បត្តិនោះទេ៕