ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប ពិនិត្យការងារ និងលើកទិសដៅសម្រាប់ជោគជ័យក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២

សៀមរាប៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប និងប្រតិភូអមដំណើរជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានបានពិនិត្យការងារ និងលើកទិសដៅសម្រាប់អនុវត្ត ឆ្ពោះទៅកាន់ភាពជោគជ័យនៃការបោះឆ្នោតក្រុមការងារឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។

លោក ក្អោប រ៉ន ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់ជ្រាវ បានរាយការណ៍អំពីស្ថានការណ៍ក្នុងដំណាក់កាលនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជកម្ពុជា និងគណបក្សដទៃ នៅក្នុងមូលដ្ឋាននេះ។

ចំណែកលោក តូច សាកល បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាពរបស់ក្រុមការងារខេត្ត បានធ្វើសកម្មភាពចុះជួយនៅមូលដ្ឋានសង្កាត់ជ្រាវនេះ រយ:ពេលជាង២ឆ្នាំកន្លងមកនេះ មានដូចជាការបរិច្ចាគថវិកាប្រចាំខែ ធ្វើប័ណ្ណសម្គាល់សមាជិកគណបក្សបានគ្រប់ៗគ្នា លើកផ្លាកគណបក្ស ចូលរួមពិធីបុណ្យប្រពៃណីជាតិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានទទួលមរណភាពជាដើម។

ក្រោយពីស្តាប់សេចក្តីរាយការណ៍ពីសំណាក់ ថ្នាក់ដឹកនាំទាំងពីររួចមក ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង មានមតិផ្តាំផ្ញើ ក្នុងដំណើរឆ្ពោះទៅកាន់ទង់ជោគជ័យ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយណែនាំឲ្យសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដែលជាកត្តាគ្រឹះនៃភាពជោគជ័យ និងបន្តផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជា មានជាអាទិគឺ អរគុណសន្តិភាព និងការអភិវឌ្ឈ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ណែនាំទៀតថា សមាជិកបក្ស ឬក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន គ្រប់រូប ត្រូវបង្រៀនអ្នកគាំទ្រ ឲ្យចេះគូសសន្លឹកឆ្នោតចំកន្លែង និងសន្លឹកឆ្នោតបានការ គឺលេខរៀងទី៤ សម្រាប់សង្កាត់ជ្រាវ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ បានជំរុញសមាជិក សមាជិកា ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជ្រើសរើសយក គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួវឯង គ្រួសារ និងកូនចៅរបស់យើងជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី នាពេលអនាគត៕