ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេដឹកនាំចិនចំអកកិច្ចព្រមព្រៀងក្រុមសេដ្ឋកិច្ចរបស់លោក ចូ បាយដិន ប៉ុនប៉ងយកការងារសេដ្ឋកិច្ចជារឿងនយោបាយ និងបង្កការប្រឈមផ្នែកប្រដាប់អាវុធ

ប៉េកាំង៖ ជាការរិះគន់ខ្លាំងបំផុតមួយចំពោះផែនការរបស់សហរដ្ឋអាមេរិក ដើម្បីរាំងខ្ទប់ឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃនេះ បាននិយាយចំអកដល់វិសាលភាពនៃក្របខណ្ឌសេដ្ឋកិច្ចដ៏ធំល្វើងល្វើយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) ប៉ុន្តែខកខានមិបានកាត់បន្ថយពន្ធដោះដូរទំនិញរវាងប្រទេសទាំងពីរ។

 

​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ហ្វីជី កាលពីម្សិលមិញ លោក វ៉ា យី បានចោទជាសំណួរថា «តើអ្វីទៅដែលគេហៅថា ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលទើបដាក់ចេញនាពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិកបានទាមទារបង្កើតការបញ្ជាទិញថ្មី ដោយសេរី បើកចំហ និងបង្កើតបែបបទថ្មី។ ប៉ុន្តែតើទម្រង់សេដ្ឋកិច្ចណាមួយអាចហៅខ្លួនឯងថា ឥតគិតថ្លៃយ៉ាងដូចម្តេច ប្រសិនបើអាមេរិកមិនបញ្ចុះពន្ធផងនោះ?»

 

លោកបានបន្តចំអកអាមេរិកទៀតថា «តើ​​អាច​​ហៅ​ថា ​សេដ្ឋកិច្ចរួមបញ្ចូលគ្នាដោយ​របៀប​ណា ប្រសិន​បើ​អាមេរិក​មាន​ចេតនា​មិន​រាប់​បញ្ចូល​ប្រទេស​ចិន​ ដែល​ជា​ទីផ្សារ​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់ និងធំជាងគេនៅលើពិភពលោក?»

ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ​ បាន​បរាជ័យ​ក្នុង​ការ​ទទួល​បានការគាំទ្រពីបណ្តា​ប្រទេស​ដែនដីកោះ​ចំនួន១០ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​​ អំឡុងពេលកិច្ចប្រជុំកំពូល ដែលលោក វ៉ាង យី បានចូលរួមនៅក្នុងប្រទេសហ្វីជី។

 

កាលពីដើមសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន បាននិយាយអះអាងថា មិនមានការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក លើដែនដីកោះតៃវ៉ាន់ គឺមួយថ្ងៃបន្ទាប់ពីលោកបង្ហាញឆន្ទៈក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារពីការវាយសង្គ្រប់យកមកគ្រប់គ្រងវិញ ពីសំណាក់រដ្ឋាភិបាលចិន។

 

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន ហើយចាត់ទុកជាបញ្ហាដ៏រសើប និងសំខាន់បំផុត នៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

 

ការកើនកម្តៅជុំវិញបញ្ហាកោះតៃវ៉ាន បានកើតឡើងនៅក្នុងកិច្ចប្រជុំ នាទីក្រុងតូក្យូ របស់មេដឹកនាំបួនប្រទេស មានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដែលបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការធានាពីសេរីភាព និងការបើកចំហ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រឈមមុខជាមួយប្រទេសចិន។

 

ការអត្ថាធិប្បាយរបស់លោក ចូ បាយដិន ចង់ប្រើកម្លាំងយោធាសហរដ្ឋអាមេរិក ដើម្បីការពារកោះតៃវ៉ាន់ពីការវាយសង្គ្រប់របស់ចិន គឺជាការអះអាងចុងក្រោយបង្អស់ នៃការអះអាង ដែលគេមើលទៅហាក់ដូចជាមិនច្បាស់លាស់។

 

អ្នករិះគន់ខ្លះបានលើឡើងថា លោកប្រធានាធិបតីអាមេរិក និយាយខុសពីបញ្ហាពិត ឬធ្វើឲ្យមានភាពច្របូកច្របល់ ហើយការភ័ន្តច្រឡំចំពោះបញ្ហាបែបនេះ នឹងបញ្ឆេះកំហឹងឲ្យចិនបើកការវាយប្រហារលើកោះតៃវាន់។

 

តាមការគ្រោងទុកនៃរបៀបវារៈប្រជុំរបស់មេដឹកនាំប្រទេសទាំងបួននេះ គឺមិនផ្តោតសំខាន់លើបញ្ហាកោះតៃវ៉ាន់ ដោយផ្តោតលើការព្រួតគ្នាថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

 

ចំណែកក្នុងសុន្ទរកថានាយករដ្ឋមន្ត្រីឥណ្ឌាវិញ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បែរជាមិននិយាយទាល់តែសោះ សូម្បីតែឈ្មោះប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ី ឬប្រទេសចិន។

 

ងាកទៅស្តាប់នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី របស់អូស្ត្រាលី គឺលោក អែនតូនី អាលបានីស (Anthony Albanese) បែរជានិយាយតែពីបញ្ហាប្រែប្រួលអាកាសធាតុ ហើយសំណូមពរឲ្យមេដឹកនាំទាំងបួនប្រទេស គួរផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហានេះ ជាជាងគិតតែរឿងកោះតៃវ៉ាន់ និងអ៊ុយក្រែន។

 

កន្លងមកថ្មីនេះ មេដឹកនាំឥណ្ឌា បានធ្វើឲ្យសហរដ្ឋអាមេរិកខកចិត្តយ៉ាងខ្លាំង ព្រោះតែមិនចេញមុខគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និងមិនចូលរួមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដោយសារប្រទេសឥណ្ឌា មានទំនាក់ទំនងល្អជាយូរអង្វែងជាមួយរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធ និងប្រេង។ ដូច្នេះ លោក ណារិនដ្រា ម៉ូឌី មិនភ្លេចពីផលប្រយោជន៍ឥណ្ឌាជាមួយរុស្ស៊ីឡើយ៕