ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមនាយពាក់មី គ្រោងរត់ចោលក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង ព្រោះទ្រាំលែងបាននឹងសម្ពាធហួសហេតុពេក

ភ្នំពេញ៖ លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសប្រាប់មហាជនថា លោក និងសមាជិកក្រុមសិល្បករកំប្លែង នឹងលាឈប់ពីការងារនៅក្រុមហ៊ុន ស៊ីប៊ីអេស របស់អ្នកឧកញ៉ា គិត ម៉េង ដែលគិតថា ប្រើសម្ពាធខ្លាំងពេកមកលើរូបលោក។

ក្រុមហ៊ុន ស៊ីប៊ីអេស របស់អ្នកឧកញ៉ា គិត ម៉េង គឺជាក្រុមហ៊ុនមេ ដែលគ្រប់គ្រងស្ថានីយទូរទស្សន៍ចំនួនបី រួមមាន ស្ថានីយទូរទស្សន៍ ស៊ីធីអិន, ស៊ីអិនស៊ី និងស្ថានីយទូរទស្សន៍ ម៉ាយធីវី។

លោក ចែម ចាន់រ៉ា បានសរសេរលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនថា «ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបង​ប្អូន​។  បើមិនក្រុមហ៊ុនដកចេញ​ ក៏ឈប់ខ្លួនឯងដែ​ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី​។ ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិន ដែលជាផ្ទះ​ ជាកន្លែងផ្តល់កំណើតសិល្បៈឲ្យខ្ញុំទេ​ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ​ នូវរឿងដែលរិតត្បិតតឹងតែង​ពេក​ ធ្វើឲ្យបុគ្គលិកមានសម្ពាធ។ សង្ឃឹមថា កាឈប់របស់ខ្ញុំ​ និងអ្នកកំប្លែងផ្សេងទៀត​ អាចធ្វើឥ្យអ្នកគ្រប់គ្រងថ្មី​ គាត់មានការបន្ធូរបន្ថយ​ នៅច្បាប់ថ្មី ដែលតឹងតែងរបស់គាត់ខ្លះ​ ដើម្បីបុគ្គលិកដែលនៅ​ គាត់បានសុខសប្បាយមិនសូវមានសម្ពាធ​»។

សូមរម្លឹកថា មួយរយៈចុងក្រោយនៃការដឹកនាំរបស់ CEO ជនជាតិឥណ្ឌា-សាំងហ្គាពួ ក្នុងស្ថានភាពដូចលោក ពាក់មី រៀបរាប់ខាងលើ ក៏កើតឡើងចំពោះបុគ្គលិកផ្សេងទៀត នៅក្រោមដំបូលក្រុមហ៊ុន CBS ដែរ រួមទាំងបុគ្គលិកផ្នែកព័ត៌មាន ដែលកន្លងទៅត្រូវបានក្រុមហ៊ុនបញ្ឈប់ ដោយបញ្ចប់កិច្ចសន្យាការងារ និងតម្រូវឲ្យធ្វើកិច្ទសន្យាមិនតវ៉ា ទើបបើកប្រាក់សំណងមួយចំនួនឲ្យ។ 

អតីតបុគ្គលិករបស់ក្រុមហ៊ុន ស៊ីប៊ីអេស បានលើកឡើងថា កិច្ចសន្យាបែបនេះប្រហែលជាក្រុមហ៊ុនបង្កើតសំពាធមួយទៀតផងដែរ ព្រោះប្រសិនបើបុគ្គលិកបន្តការទាមទារប្រាក់សំណង ដែលពួកគេចង់បានតាមច្បាប់ការងារឲ្យគ្រប់ត្រឹមត្រូវទាំងអស់ នោះនឹងត្រូវចំណាយពេលយូរ ខណៈពួកគេអត់ការងារធ្វើ ខ្វះប្រាក់អត់ចំណូល តែត្រូវការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ។ ដូច្នេះក៏បង្ខំចិត្តទទួលយកទាំងការឈឺចាប់»។

ទាក់ទងនឹងការតម្រូវឱ្យធ្វើកិច្ចសន្យា ឬកិច្ចព្រមព្រៀងទទួលប្រាក់សំណងមិនប្ដឹងតវ៉ានេះ អ្នកសារព័ត៌មានបានព្យាយាមសុំការបញ្ជាក់ពីលោក ឡៅ សៀងហៃ ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនរូយ៉ាល់គ្រុប ដែលជាក្រុមបុត្រសម្ព័ន្ធនៃក្រុមហ៊ុន CBS ប៉ុន្តែលោកមិនបានឆ្លើយតបទេ។ ចំណែកកញ្ញា អ៊ុង ចាន់សោភា នាយកព័ត៌មានទូរទស្សន៍ CNC ក៏មិនឆ្លើយតបនឹងសំណួរដូចគ្នាផងដែរ៕