ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមានផាកពិន័យដល់ម្ចាស់ភោជនីយដ្ឋានណាមិនព្រមដាក់តម្លៃ( Menu)ឱ្យភ្ញៀវក្នុងថ្ងៃបុណ្យចូលឆ្នាំ

 

ភ្នំពេញ៖  លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា  ចំពោះភោជនីយដ្ឋាន-អាហារដ្ឋានណា ដែលមិនព្រមបិទបង្ហាញតម្លៃទំនិញ-សេវាកម្ម ឬតារាងតម្លៃ (Menu)ឱ្យភ្ញៀវមើលនឹងផាកពិន័យលើម្ចាស់ភោជនីយដ្ឋានទាំងនោះ ។

លោកថោង ខុន​ បានថ្លែងបែបនេះ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី២  ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីថោង ខុន បានបញ្ជាក់ថា «យើងមិនអាចកំណត់ថ្លៃជំនួសម្ចាស់អាជីវកម្មទាំងនោះបានទេ យើងផាកតែអ្នកណាអត់សរសេរតម្លៃ មានន័យថា យើងអត់ផាករឿងឡើងថ្លៃ ឬមិនឡើងថ្លែនោះទេ បើគេសរសេរហើយ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវចុះត្រួតពិនិត្យមើលថា តម្លៃដែលគេសរសេរនោះត្រឹមត្រូវ ឬក៏អត់ ហើយបើសមស្របហើយ យើងទទួលស្គាល់ឲ្យគេដាក់ទៅ»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរម្លឹកដល់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកលើបញ្ហាសំរាម និងបរិស្ថានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពិសេសត្រូវខិតខំពង្រឹងយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន» ឲ្យបានផុសផុល និងត្រូវទប់ស្កាត់ការចោលសំរាមតាមទីសាធារណៈឲ្យមានប្រសិទ្ធភាព៕