ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ករណីចេញសែកស្អុយ

ភ្នំពេញ៖ កាលពីថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២២​ មន្ត្រីកងរាជអាវុធ បានចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីចេញសែកស្អុយមិនមានសាច់ប្រាក់។

មន្ត្រីអាវុធហត្ថខេ្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មាន​ រសៀលថ្ងៃដដែលនេះថា​ ការចាប់ខ្លួនលោក គឹង​ វណ្ណ:​ ធ្វើឡើងដោយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ តាមដីការបស់តុលាការ​ ពាក់ព័ន្ធការចេញសែកស្អុយ។​ 

ករណីចាប់ខ្លួនលោកអភិបាលរងខេត្តនេះ កើតឡើងនៅក្នុងរង្វង់វេលាម៉ោង៧ ឬម៉ោង៨ព្រឹក នៅលើដងផ្លូវធ្វើដំណើរទៅសាលាខេត្តបន្ទាយមានជ័យ ដែលជាកន្លែងលោកធ្វើការ។

ប្រភពច្បាស់ការណ៍បានបង្ហើបទៀតថា​ លោក គឹង​ វណ្ណ:​ អភិបាលរងខេត្តបន្ទាយមានជ័យ​ ត្រូវជាប្អូនថ្លៃរបស់មន្ត្រីជាន់ខ្ពស់មន្ត្រីម្នាក់​។ 

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីចាប់ខ្លួនភ្លាមៗ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនលោកមកកាន់រាជធានីភ្នំពេញ ហើយកំពុងតែមានអ្នកអន្តរាគមន៍ ដើម្បីឲ្យបាននៅក្រៅឃុំ​ និងសម្របសម្រួលជាមួយដើមបណ្តឹង ដែលជាអ្នកកាន់សែកស្អុយ។

យោងតាមច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ដែលរដ្ឋសភាអនុម័តនៅឆ្នាំ២០០៥ ប្រសិនបើតុលាការឲ្យឃើញថា លោក គឹង វណ្ណៈ ពិតជាចេញសែកស្អុយមែននោះ អាចប្រឈមមុខជាប់ពន្ធ និងពិន័យជាប្រាក់ផងដែរ។

មាត្រ២៣១ បានចែងថា «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ត្រុវផ្តន្ទាទោសពិន័យជាប្រាក់ចំនួនពីរលាន ដល់ប្រាំមួយលានរៀល និងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពីមួយឆ្នាំ ទៅបីឆ្នាំ ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនប្រាក់នៃឧបករាណ៍អាចជួញដូរបាននោះទៅអ្នកកាន់»។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឹពីលោក​ គឹង វណ្ណៈ ឬតំណាងណាមួយនៅឡើយទេ៕