ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្ក្រីក្រសួងពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុន ឲ្យជួយផ្សព្វផ្សាយពីសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ

ភ្នំពេញ ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញវិនិយោគិនជប៉ុន ត្រូវសហការជាមួយអគ្គនាយកដ្ឋានណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ ដែលហ៊ុំព័ទ្ធដោយតំបន់អេកូទេសចរណ៍បៃតង  ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងប្រែក្លាយគម្រោងមួយ ឱ្យទៅជាគំរូនៃការអភិវឌ្ឍទីក្រុងធម្មជាតិ នៅតាមប្រទេសក្នុងតំបន់។

ក្នុងជំនួបជាមួយលោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយកក្រុមហ៊ុន A2A Town (Cambodia) Co., Ltd  កាលពីថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ លោកប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ និងលើកទឹកចិត្តក្រុមហ៊ុនសហការជាមួយមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើតព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗ សំដៅទាក់ទាញវត្តមានភ្ញៀវទេសចរ និងវិនិយោគិន ឱ្យចូលមកទស្សនា និងស្វែងយល់អំពីសក្តានុពលនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសរសើរគំនិតច្នៃប្រឌិតរបស់លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា ដែលបានវិនិយោគតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ទៅជាទីក្រុងអេកូទេសចរណ៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (K.I.T) ដើម្បីផ្តល់ឱ្យកូនខ្មែរនូវចំណេះដឹង និងជំនាញពិតប្រាកដ ពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់នេះ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយការអភិវឌ្ឍបរិស្ថានបៃតង និងឧស្សាហកម្មគ្មានផ្សែង (ទេសចរណ៍) នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បានបោះទុនវិនិយោគក្នុងទឹកប្រាក់ ៥២១លានដុល្លារ ជាមួយដៃគូវិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ សម្បូរទៅដោយដើមស្រល់ និងមានទឹកជ្រោះ ហូរធ្លាក់បង្កើតបានជាតន្ត្រីធម្មជាតិ បំពេរអារម្មណ៍ភ្ញៀវដែលមកកម្សាន្ត៕