(ខេត្តព្រៃវែង)៖រថយន្តមួយគ្រឿងមា៉ក(RHINO)ពាក់ស្លាកលេខភ្នំពេញ3F9874 ដឹកសត្វជ្រូករស់ឆ្លងដែនខុសច្បាប់ចូលពីប្រទេសវៀតណាមចំនួន៨០ គ្មានច្បាប់ទម្លាប់ត្រូវមន្ត្រីជំនាញពេទ្យសត្វសហការជាមួយសមាគមន៍អ្នកចិញ្ចឹមសត្វនៅកម្ពុជាដឹកនាំដោយ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្ទាក់ចាប់បាន កាលពីវេលា២រសៀលថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែង។
បើតាមមន្ត្រីពេទ្យសត្វបញ្ជាក់ថា ដោយអនុវត្តតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល នឹងមានការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការទប់ស្កាត់មិនឲ្យមានការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វក្នុងស្រុក ទើបអគ្គនាយកដ្ឋានសុខភាពសត្វនឹងផលិតកម្មសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាចុះបង្ក្រាបទប់ស្កាត់ជាបន្តបន្ទាប់ នាពេលកន្លងមក។
ជាក់ស្ដែងនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះអគ្គនាយកដ្ឋានសុខភាពសត្វ ស្ទាក់ចាប់បានរថយន្តដឹកជ្រូកអត់ច្បាប់នាំចូលពីប្រទេសវៀតណាមតាមច្រករបៀងស្វាយអាង៉ោងមួយគ្រឿងផ្ទុកសុទ្ធតែសត្វជ្រូករស់ចំនួន ៨០ ក្បាលនៅចំណុចភូមិឃុំខាងលើបញ្ជូនយកមករក្សាទុកកន្លែងច្តតាឡៃសាក់សត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផល្លិតកម្មសត្វនៅចំការដូងរាជធានីភ្នំពេញ។
មន្ត្រីពេទ្យសត្វបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះស្ទាក់ចាប់ឡានដឹកជ្រូកអត់ច្បាប់នេះ គឺមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តព្រៃវែងផងដែរ។អ្វីដែលធ្វើឲ្យមន្ត្រីជំនាញជួបការលំបាកក្នុងការចុះបង្ក្រាបបទល្មើសនេះ គឺពេលមន្ត្រីជំនាញចុះស្ទាក់ចាប់ឡានដឹកជ្រូកអត់ច្បាប់នេះបាន ស្រាប់តែមួយសន្ទុះគេឃើញមានកម្លាំងមួយក្រុមជិះឡានសារ៉ែនពីរគ្រឿងពាក់សុទ្ធតែស្លាកលេខ.ខ.មចុះមកបើកជែងទាំងឡានរបស់មន្ត្រីជំនាញបម្រុងរំដោះឡានដឹកជ្រូកចេញ។
ប៉ុន្តែបន្ទាប់ពីឃើញឡានអ្នកសារព័ត៌មានច្រើនអង្គភាពចុះទៅដល់ផ្ដិតយករូបភាព ទើបក្រុមអ្នកកាងបទល្មើសទាំងនោះបើកឡានសារ៉ែនគេចខ្លួនបាត់ស្រមោលអស់ទៅ។ បន្ទាប់មកក្រុមមន្ត្រីជំនាញក៏ផ្លាស់ប្ដូរតែកុងឡានដឹកជ្រូកបើកឡើងយកមករក្សាទុកនៅកន្លែងធ្វើចត្តាឡីស័កសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផល្លិតកម្មនៅចំការដូង រាជធានីភ្នំពេញ។
មន្ត្រីជំនាញពេទ្យសាប់បានបញ្ជាក់បន្ថែមទៀតថា ចំពោះសត្វជ្រូកទាំង ៨០ សិបក្បាលយើងយកសំណាកទៅពិនិត្យនៅម៉ាស៊ីនឡាបូ បើសិនជារកឃើញសត្វជ្រូកមានជំងឺយើងនឹងរៀបចំដុតកំទេចបំផ្លាញចោលឱ្យបើសិនជាសត្វមានសុខភាពធម្មតានោះទេមន្ត្រីយើងនិងអនុវត្តទៅតាមនីតិវិធីច្បាប់មាត្រា១១៣ ជំពូកទី២០ ដោយហៅម្ចាស់ជ្រូកមកធ្វើកិច្ចសន្យា នឹងបងផាកពិន័យទៅតាមមាត្រាច្បាប់កំណត់ដើម្បីចូលជាថវិកាជាតិ៕