ភ្នំពេញ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥» ហើយការថ្លែងដូច្នោះគឺ ក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការនៅព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឲ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។
សម្តេចតេជោនៅតែបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។
សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។
សម្ដេចតេជោបានមានប្រសាសន៍ថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។ ដូច្នេះ ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួន បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។
ចុងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យសិស្សមន្ត្រីរាជការទាំងអស់ទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារជាបន្តបន្ទាប់នាពេលខាងមុខ៕