ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ អាជ្ញាធរដែនដី ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិការនៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានផងដែរ។

បេក្ខភាពប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង លោក ហម ម៉ាដា បានជម្រាបជូនអង្គពិធីពីការវិវត្តន៍ថ្មីៗក្នុងឃុំទាំងមូល រួមទាំងផែនការ ដើម្បីពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគាត់។

លោកបេក្ខភាពប្រធានក្រុមប្រឹក្សាឃុំ មានប្រសាសន៍ទៀតថា ដោយមានការសហការល្អពីក្រុមការងារថ្នាក់កណ្តាល ចុះជូយជាប់ជាប្រចាំ ដើម្បីជួយលើកផែនការតម្រង់ទិសដៅការងារភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ នោះនឹងនាំមកនូវវិបយលភាពនៅក្នុងឃុំរបស់លោក។

លោក ហម ម៉ាដា បានលើកឡើងទៀតថា ឃុំប្ដេជ្ញាបន្តពន្លឿនការងារអត្រានុកូលដ្ឋាន និងឯកសារផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីពួកគាត់យកទៅប្រើប្រាស់សម្រាប់ការរីចម្រើនក្នុងជីវភាពគ្រួសាររបស់ពួកគាត់។

ឯកឧត្តម លី វ៉ាន់ហុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំមហាខ្ញូង មានប្រសាសន៍ថា សមិទ្ធផលទាំងឡាយ ដែលឃុំសម្រេចបាននាពេលនេះ គឺដោយសារតែការខិតខំប្រឹងប្រែង និងសហការល្អ រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំរវាងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន  ហើយអ្វីដែលកាន់តែសំខាន់ថែមទៀតនោះ សូមបន្តពង្រឹងសាមគ្គីភាពឲ្យរឹងមាំស្ថិតថេរ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ កាន់តែរីកចម្រើនបន្តទៅមុខ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្តែងការកោតសរសើរចំពោះកិច្ចសហការល្អរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលសម្រេចអនុវត្តន៍បានលទ្ធផលការងារបានយ៉ាងល្អប្រសើរ។

ឆ្លៀតក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំឭកដល់អាជ្ញាធរដែនដី ជាពិសេសលោកមេឃុំ ដែលទើបនិងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី០៥នេះ  គឺចាំឲ្យច្បាស់នូវការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍សង្កត់ធ្ងន់ទៅកាន់មន្រ្តីមូលដ្ឋាន មានមេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់, មេប៉ុស្តិ៍នគរបាលរដ្ឋបាល និងមេភូមិ ត្រូវផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាចាំបាច់ និងខិតខំដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ដែលតែងតែត្អូញត្អែរថា មានការផ្ដល់សេវាយឺតយ៉ាវ។

ជាការកោតសរសើរ និងគាំទ្រដល់លទ្ធផលការងារល្អនៅក្នុងមូលដ្ឋាននេះ ឯកឧត្តមបានប្រគល់រថយន្តសម្រាប់សង្គ្រោះបឋមចំនួនពីរគ្រឿងដល់អាជ្ញាធរស្រុកកោះសូទិន ទុកសម្រាប់ដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យដោយមិនគិតថ្លៃ  ដើម្បីកាត់បន្ថយការលំបាកនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសថា សម្រាប់ស្រ្តីត្រូវសម្រាលកូន គ្រួសារមានសមាជិកទទួលមរណៈភាព ដោយមូលហេតុផ្សេងៗ ឯកឧត្តមនឹងជួយឧបត្ថម្ភជាថវិកាចំនួនមួយសែនរៀល ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ព្រមជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ដល់អាជ្ញាធរដែនដី និងមន្រ្តីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញ  ដើម្បីទប់ស្កាត់អំពើលួច ឆក់ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លន។

ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តម ខៀវ កាញារីទ្ធ បានជូនថវិកាដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួម ក្នុងម្នាក់ៗទទួលបានថវិកាពីរម៉ឺនរៀល  និងប្រសិទ្ធពរជ័យដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែពុទ្ធពរបួនប្រការ កុំបីឃ្លាឃ្លាតឡើយ៕