កំពង់ចាម:ក្រោមការណែនាំពីលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកព្រៃឈរនិងបាធាយ បន្ទាប់ ពីការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ គណបក្សប្រជា ជនកម្ពុជាទទួលបានជោគជ័យលើសលប់។
លោកប្រធានបានចាត់ឱ្យក្រុមការងារតាមបណ្តាឃុំនីមួយៗ បន្តការខិតខំប្រឹងប្រែងបន្ថែមទៀតនិងធ្វើពិធីសំណេះសំណាលនិងថ្លែងអំណរគុណដល់សមាជិកនិងសមាជិកា គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំនីមួយៗ។
ជាមួយគ្នានេះដែរ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៥-២៦ ខែមិថុនា ឆ្នាំ២០២២នេះ លោក ផាន អូន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀនបានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង៣ អញ្ជើញចូលរួមប្រារព្ធពិធីសំណេះសំណាល និងថ្លែងអំណរគុណសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀនដែលបានចូលរួមលះបង់ពេលវេលាកម្លាំងកាយនិងកម្លាំងចិត្តក្នុងការគាំទ្រនិងកៀងគររក សម្លេងឆ្នោតក្នុងការបោះ ឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ក្នុងបុព្វហេតុគោរពស្រលាញ់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិកាន់តែរុងរឿង។
ជាការតបស្នងចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកគណៈកម្មាធិ ការគណបក្សមូលដ្ឋានឃុំទាំង៣ លោក ផាន អូន បានរចនាក្រម៉ាដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជានិងដេរប៉ាក់ខ្លឹមសារពាក្យថា “សូមអរគុណ”ដោយភ្ជាប់ជាមួយសាប៊ូដុំចំនួន២ដុំ សរុបជាថវិកាចំនួន១៨,០០០រៀល ក្នុង១នាក់។
ក្នុងនោះដែរ សរុបសមាជិកនិងសមាជិកាគណៈកម្មាធិការគណបក្សមូលដ្ឋានទាំងបីឃុំចំនួន៩១១រូបស្មើនឹងថវិកាចំនួន ១៦,៣៩៨, ០០០រៀល។
ជាមួយគ្នានេះដែរ លោកប្រធាននិងក្រុមការងារបានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋក្នុងការស្នើសុំជាដីសម្រាប់ចាក់បំពេញផ្លូវនិងដាក់លូព្រមទាំងដោះស្រាយសំណូមពរផ្សេងៗដោយចំណាយថវិកាចំនួន ២៦,៣៥១,៣០០រៀល សរុបថវិកាចំណាយអស់ ៤២,៧៤៩,៣០០រៀល។
ក្នុងកម្មវិធីនេះដែរ លោក ផាន អូន បានពាំនាំមតិផ្តាំផ្ញើរបស់លោកប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកព្រៃឈរ និងបាធាយដល់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំ និងគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង៣បន្តការខិតខំប្រឹងប្រែងក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងកៀងគរសមាជិកបក្សបន្ថែមដើម្បីទទួលបានប្រៀបឈ្នះបន្ថែមទៀតក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។