(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំលើកទី៤នៃយុទ្ធនាការ៩០ថ្ងៃនៃពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររៀប ចំធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
កម្មវិធីនេះអញ្ជើញចូលរួមដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស.បានប្រាប់ដល់តំណាងនិយោជក ដែលជាតួអង្គសំខាន់តំណាងឲ្យរោងចក្រសហគ្រាសដែលពាក់ព័ន្ធនឹងលក្ខខណ្ឌការងារថា នៅក្នុងយុទ្ធនាការ ៩០ថ្ងៃនេះគឺមានសារៈសំខាន់ណាស់ក្នុងការបង្កើនភាពជាដៃគូជាមួយសហជីពមូល ដ្ឋាន ក្នុងន័យផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនឲ្យបានទូលំទូលាយ ពីកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលទទួលបាននៅពេលដល់អាយុចូលនិវត្តន៍។
លោកបណ្ឌិតរដ្ឋមន្រ្តីគូសបញ្ជាក់ថា នៅក្នុងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ជាកាតព្វកិច្ចនេះនៅពេលដែលបងប្អូនដល់អាយុចូលនិវត្តន៍ក៏មានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពផងដែរ ដូច្នេះបន្ទាប់ពីបងប្អូនចូលនិវត្តន៍គឺមិនបារម្ភនៅពេលមានជំងឺត្រូវចំណាយទៅលើការព្យាបាលឡើយ។
នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃបំផុតពីសំណា ក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់វណ្ណៈ ប្រកាន់បក្ខពួក ឬនិន្នាការនយោបាយរបស់ក្រុមបក្សប្រឆាំង និងបក្សកាន់អំណាចឡើយ។
បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងលេចវត្តមានជាថ្មីនៅលើព្រះរាជាណា ចក្រកម្ពុជា បន្ទាប់ពីបានទប់ស្កាត់ប្រកបដោយជោគជ័យ និងបាត់វត្តមានអស់រយៈពេលជាង ៣ខែកន្លងមក ទន្ទឹមនឹងនេះលបោកណ្ឌិតរដ្ឋមន្រ្ដីក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ។
ជាពិសេសបងប្អូនកម្មករនិយោជិត និងនិយោជកត្រូវចូលរួមការពារខ្លួនតាមវិធានសុខាភិបាលឲ្យបានម៉ត់ចត់ជាពិសេសត្រូវទៅទទួល យកវ៉ាក់សាំងនៅតាមទីតាំងដែលបានរៀបចំ ដើម្បីឲ្យអត្រាអ្នកចាក់ ដូសជំរុញ មានភាពស៊ាំនៅក្នុងសហគមន៍កាន់តែច្រើន ហើយជាពិសេសទៀតត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈពិធីផ្សព្វផ្សាយនេះដែរ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានបន្ដធ្វើការសំណូមពរយ៉ាងទទូចទៅកាន់តំណាងនិយោជកដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះសូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ទាំងឡាយពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឱ្យបានទូលំទូលាយប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់។
លើសពីនេះធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច៕