ភ្នំពេញ៖ «សម្រាប់ក្រុមគ្រួសារខ្ញុំ និងសម្រាប់ខ្ញុំជាកូនប្រុសម្នាក់នៅក្នុងគ្រួសារនេះ ខ្ញុំពិតជាមានការតក់ស្លុត និងមានការហួសចិត្តជាពន់ពេក ក្រោយពេលបានអានសារមួយ ដែលសរសេរ ដោយបុគ្គល សោ ចាន់ដេត (Sor Chandeth)។ ខ្ញុំពិតជានឹកស្មានមិនដល់ ថាពាក្យពេចន៍ និងទង្វើបែបអសីលធម៌នេះ អាចសម្តែងចេញបានទៅរួច។ ចំពោះខ្ញុំ ទង្វើនេះមិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ។ បើទោះជាខ្ញុំមិនស្អប់ ប៉ុន្តែសម្រាប់គ្រួសារខ្ញុំ និងជាពិសេសដើម្បីលោកឳពុកខ្ញុំ និងសុវត្ថិភាពរបស់គាត់ ខ្ញុំពិតជាមិនអាចបំភ្លេចបាននូវពាក្យពេចន៌ និងទង្វើរដ៌ស្មោកគ្រោកបែបនេះបានឡើយ។ ពិតណាស់ បើទោះជាខ្ញុំដឹងច្បាស់ថា បុគ្គលដែលគ្មានសីលធម៌ មិនមានការអៀនខ្មាស់ និងគ្មានសេចក្តីថ្លៃថ្នូរបែបនេះនៅមាននៅឡើយ ខ្ញុំនៅតែជឿជាក់លើភាពចាស់ទុំរបស់ប្រជាពលរដ្ឋ និងសង្គមយើង ថាបើទោះជាយើងមានគំនិតផ្សេងគ្នា សង្គមយើងពិតជាមាននូវសុភនិច្ឆ័យត្រឹមត្រូវ ដោយត្រូវទុកភាពផ្សេងគ្នានៅដោយឡែក នៅពេលដែលយើងនិយាយពីប្រយោជន៍ និងអនាគតរបស់ជាតិ និងប្រជាជនយើង»៕
នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១០ ខែមេសានេះ។
ការលើកឡើងនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Sor Chandeth បានសរសេរបង្ហោះថាសារមួយថា “វាសនាត្រូវជូបគ្នា” ដោយក្នុងនោះ មានភ្ជាប់មកនូវរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាពកាលពី២ឆ្នាំមុន។