ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចក្រឡាហោម ស ខេង រៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន១០១អង្គ

នាព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បាននិមន្តព្រះសង្ឃចំនួន១០១ព្រះអង្គ ដើម្បីធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងពិធីរាប់បាត្រប្រគេនទេយ្យទានដល់ព្រះសង្ឃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ព្រមទាំងមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ទាំងអស់ នៃក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន១០១អង្គនេះឡើង គឺដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ ដែលនៅសេសសល់ពីឆ្នាំចាស់ ទទួលអំណរអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស ២០១៩ នាពេលខាងមុខនេះ និងដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារី នគរបាលជាតិទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោកហើយ។

ព្រមទាំងសូមឲ្យទេវតាឆ្នាំថ្មីព្រះនាម ធុង្សៈទេវី ដែលត្រូវព្រះបុត្រីទី១ នៃកបិលមហាព្រហ្ម ដែលគង់នៅចាតុមហារាជិកា ដែលបានយាងចុះមកអភិបាលរក្សាទឹកដីនៃកម្ពុជា ក៏ដូចជានៅក្នុងទីស្តីការក្រសួង និងសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក មានគុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងទេវតាឆ្នាំថ្មី បញ្ចេញនូវមហិឬទ្ធិថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរចំពោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងនគរបាលជាតិទាំងអស់ ជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមឲ្យបានសន្តិភាពជារៀងរហូតតទៅ៕