អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង សម្តេច ឈឹង ប៊ុនឈា ព្រះអគ្ការធិការរង រួមនិងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២នេះ បាននិមន្ត និង អញ្ជើញបញ្ចុះបឋមសិលា សាងសង់ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅក្នុងបរិវេណវត្តជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
ក្នុងឱកាសនោះ ព្រះសោមវេទី អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសង្ឃដិកាថា ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ៤ជាន់ ៩បន្ទប់ និងសាលប្រជុំចំនួន១។ ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៩២ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅវត្ត សុទស្សានារាម ជ្រោយថ្ម ផ្លូវព្រះបាទសីហនុ (ជាប់មាត់ទន្លេមេគង្គ) សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាគ្រឹះស្ថានពុទិ្ធកឧត្តមសិក្សារបស់រដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា បានដំណើរការ បណ្តុះ បណ្តាលតាំងពីឆ្នាំ២០១១មកម្ល៉េះ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ពុទ្ធិកសិក្សា បានបណ្តុះបណ្តាលព្រះសង្ឃតាំងពី ធម្មវិន័យថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា ជាពិសេសនិស្សិតដែលក្រីក្រមិនមានលទ្ធភាព ទៅបន្តការសិក្សានៅសាលាឯកជន ឬទៅភ្នំពេញ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានខិតខំអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតីក្នុងការជម្រុញ និងគាំទ្រតាមគ្រប់រូបភាពដល់ក្រសួងធម្មការ និងសាសនា ដែលបានពុះពារជំនះគ្រប់ឧបសគ្គក្នុងការគ្រប់គ្រង និងដឹកនាំវិស័យសាសនា ជាពិសេសពុទ្ធិកសិក្សា ដែលមានអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ ជាចំណុះក្នុងការដឹកនាំផ្ទាល់ សម្រាប់វិស័យនេះ។ រាជរដ្ឋាភិបាលបានខិតខំពង្រឹង និងពង្រីក វិស័យពុទ្ធិកសិក្សាឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីទទួលបានទាំងបរិមាណ ទាំងគុណភាព តាមរយៈការបញ្ចូលក្នុងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាដែលបានចែងថា «បន្តគោរពសេរីភាពខាងជំនឿ និងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ជាពិសេសការបន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សានៅគ្រប់កម្រិត ការបោះពុម្ពផ្សព្វផ្សាយគម្ពីរដីកា ក្បួនច្បាប់នានា និងកិច្ចប្រតិបត្តិធម្មវិន័យ ព្រមទាំងគាំទ្រសកម្មភាព នៃសាសនាផ្សេងៗទៀតក្នុងសង្គមផងដែរ
ការរីកចម្រើនផ្នែកពុទ្ធិកសិក្សា ដែលយើងទាំងអស់គ្នាបានឃើញដូចពេលនេះ គឺមិនត្រឹមតែកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធម្មការ និងសាសនា ឬអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺទាមទារឱ្យមានការគាំទ្រ និងជ្រោមជ្រែងផងដែរពីសំណាក់ លោក លោកស្រី លោកឧកញ៉ា អង្គការជាតិ អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងបណ្តាប្រទេសជាដៃគូរអភិវឌ្ឍន៍ផងដែរ ដែលធ្វើឱ្យវិស័យអប់រំ របស់ប្រទេសកម្ពុជាយើង មានសមិទ្ធផលត្រចះត្រចង់ដូចសព្វថ្ងៃនេះ។
ជាមួយគ្នានោះដែរលោកអភិបាលខេត្តបាន ធ្វើការអំពាវនាវដល់សប្បុរសជន ទូទៅ សូមបន្តចូលរួមចំណែកគាំទ្រ និងកសាងអភិវឌ្ឍន៍វិស័យពុទ្ធិកសិក្សានៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕